ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Wednesday, January 18, 2017

កម្ពុជា នាំចូលត្រីពីវៀតណាមចន្លោះពី ៧០-៨០តោន ក្នុងមួយថ្ងៃ ខណៈអ្នកចិញ្ចឹមត្រីក្នុងស្រុកត្អូញអត់ទីផ្សារ



(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការនៅតាមសណ្ឋាគារ អាហារដ្ឋាន ក៏ដូចជាការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ កម្ពុជា បាននាំត្រីពីប្រទេសវៀតណាមចន្លោះពី ៧០ ទៅ៨០តោនក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ណៅ ធួក ដែលមានអតីតភាពជាអគ្គនាយករដ្ឋបាលជលផលផងដែរនោះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងចំណោមត្រី ដែលនាំចូលពីវៀតណាម មានត្រីរ៉ស់ និង ត្រីឆ្តោ ៤០-៥០តោន។ លោក ណៅ ធួក បានឲ្យដឹងដែរថា ក្នុងចំណោមត្រី ដែលនាំចូលនេះ មានត្រីខ្លះក៏មានការបង់ពន្ធ ហើយត្រីខ្លះទៀតលួចនាំចូលតាមច្រករបៀង ដោយមិនមានបង់ពន្ធនោះឡើយ។
លោក ណៅ ធួក បានទទួលស្គាល់ថា ការនាំចូលត្រីពីប្រទេសវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺពិតជាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការចិញ្ចឹមត្រីក្នុងស្រុក ហើយក្រសួង ក៏បានដាក់ចេញវិធានការក្នុងការទប់ស្កាត់ផងដែរ។
ប្រទេសវៀតណាម ត្រូវបានគេដឹងថា ជាប្រទេស ដែលនាំយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងត្រី សាច់ និងបន្លែបង្កា ចូលក្នុងប្រទេសកម្ពុជា រួមនិងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ក៏ដូចជាលើពិភពលោក។
យោងតាមការចេញផ្សាយរបស់ព័ត៌មានក្នុងប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ទទួលបានចំណូលពីការនាំចេញបន្លែ-ផ្លែឈើ ត្រីសាច់ជាង ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ ប៉ុន្តែវៀតណាម ក៏បានចំណាយថវិកាទៅវិញ ៥២៩លានដុល្លារ ដើម្បីទិញបន្លែផ្លែឈើពីបរទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការនាំចូលនេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលខ្លាចរអាមិនហ៊ានប្រើបន្លែផ្លែឈើក្នុងស្រុក ដែលរកឃើញថា មានប្រើសារធាតុគីមីធ្ងន់ធ្ងរ។
ការនាំចូលត្រី សាច់ បន្លែ ផ្លែឈើ ដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសវៀតណាម ក៏កំពុងតែជះឥទ្ធិពលអាក្រក់ដល់ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី ដាំបន្លែ ផ្លែឈើក្នុងស្រុកខ្មែរផងដែរ។
អ្នករកស៊ីចិញ្ចឹមត្រីប្រា នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ បាននាំគ្នាត្អូញត្អែរថា ត្រីរបស់ពួកគេក្នុងឆ្នាំ២០១៦ មិនមានឈ្មួញមកចាប់យកទៅចែកចាយបន្តដូចបណ្តាឆ្នាំកន្លងទៅនោះទេ។ បើតាមក្រុមអ្នកចិញ្ចឹមត្រី បានអះអាងថា ត្រីរបស់គាត់ដែលធ្លាប់តែត្រូវឈ្មួញចាប់នៅអំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗនោះ នៅឆ្នាំ២០១៦ មិនមានឈ្មួញមកចាប់នោះទេ ហើយអូសបន្លាយរហូតដល់ខែមករា ឆ្នាំ២០១៧នេះ ក៏មិនទាន់មានឈ្មួញមកចាប់នោះឡើយ។
អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬ ខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយលក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុកដល់ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញធ្វើឲ្យមានការខាតបង់ច្រើន»
លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រីចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»
ក្រុមអ្នកចិញ្ចឹមត្រី សុទ្ធតែបានអះអាង និងលើកឡើងដូចៗគ្នា កត្តាដែលនាំឲ្យត្រីរបស់ពួកគាត់លក់មិនចេញដោយសារត្រីនាំចូលពីវៀតណាម ជាពិសេសច្រកព្រំដែនជ្រៃធំ។
ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ក៏បានទទូចឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដាក់ចេញវិធានការទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសវៀតណាមឲ្យបានខ្ពស់ ដើម្បីផ្តល់ទីផ្សារសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកឲ្យបានកាន់តែទូលាយ។ បើបណ្តោយឲ្យមានការនាំចូលបែបនេះទៀត ក្រុមអ្នករកស៊ីចិញ្ចឹមត្រី អាចនឹងត្រូវបោះបង់អាជីព៕