ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Friday, March 24, 2017

បទ​ពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ​រួម​នឹង​ការ​ព្យាបាល

ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ០៩:៥៣   (13-09-2015 09:53)

លោកពូ ប្រាជ្ញ ពៅ អាយុ​៣៤​ឆ្នាំ ជា​កសិករ និង​ជា​ពេទ្យសត្វ​ម្នាក់ រស់នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែម​ទៀត​ផង ។ ចំពោះ​បទ​ពិសោធន៍​នេះ គាត់​ចេះ​ត​ៗ​គ្នា​តាម​ទម្លាប់ រួម​ផ្សំ​នឹង​ការ​មើល​ឯកសារ​ពី​អង្គការ​សេ​ដាក ។ បច្ចុប្បន្ន លោកពូ​ចិញ្ចឹម​មេ​ជ្រូក​១​ក្បាល មេ​ក្រមុំ​២​ក្បាល និង​ជ្រូក​សាច់​ចំនួន​៤​ក្បាល ។ ខាងក្រោម​នេះ ជា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​មេ ៖
១. របៀប​ជ្រើសរើស​ពូជ​ជ្រូក
ពូជ​ជ្រូក​ដែល​លោកពូ​ទិញ​មក ជា​ពូជ​ជ្រូក​មេ កាត់​យ៉​ក​សៀ ដោយ​ទិញ​មក​ពី​ភូមិ​ជិតខាង​គឹ​ភូមិ​ឈូកស ។ ក្នុង​ការ​ទិញ​នេះ គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល​មាន​លក្ខណៈ​ដូច​ជា ៖
-​សុខភាព​ល្អ
-​ត្រគាក​ធំ​ទូលាយ
-​ជើង​ធំ​មាំ​ត្រង់ និង​ខ្ពស់​ល្មម ហើយ​ភ្លៅ​មាំ​ធំ
-​មាន​ដោះ​ចំនួន​៦​គូ​ស្មើគ្នា ហើយ​ដោះ​មិន​ខ្វាក់
-​ខ្នង​មាំ រាង​កោង ស្មា​ទូលាយ ។
លក្ខណៈ​ពិសេស​របស់​ពូជ​នេះ គឺ​មាន​ត្រចៀក​ធ្លាក់់​ទៅ​មុខ សាច់​ក្រហម​ល្អ មិនសូវ​មាន​ខ្លាញ់ ចិញ្ចឹម​រយៈពេល​៣​ទៅ​៤​ខែ អាច​លក់​បាន ។
២. ទ្រុង
កន្លែង​សង់​ទ្រុង គឺ​ក្បែរ​ផ្ទះ​សង់​ជាប់​នឹង​ដី មាន​ដំបូល​ធ្វើ​ពី​ស្លឹក របង​ឈើ និង​បាត​ចាក់សាប​មាន​រាង​ទេរ ព្រមទាំង​មាន​កន្លែង​បង្ហូរទឹក​នៅ​ពេល​លាង​ទ្រុង​ចេញ ហើយ​ទឹកនឹង​ហូរ​ចូល​រណ្ដៅ​ដាក់​លាមក ។ ទ្រុង​ជ្រូក​មាន​ទំហំ​(​បណ្ដោយ ៨​ម៉ែត្រ x ទទឹង ២,៥​ម៉ែត្រ​) ដែល​ខណ្ឌ​ជា​២​ផ្នែក មួ​ួ​យ​សម្រាប់​ដាក់​មេ​ជ្រូក និង​មួ​​យ​ទៀត​សម្រាប់​ដាក់​កូនជ្រូក ។
នៅ​ក្បែរ​ទ្រុងមាន​ស្រះ​ទឹក និង​សួន​បន្លែ​ដែល​មាន​ដាំ​ត្រកួន ត្រាវ និង​រុក្ខជាតិ​ផ្សេង​ទៀត ដែល​ងាយស្រួល​ក្នុង​ការ​ផ្ដល់​ទឹក និង​ត្រកួន​ឱ្យ​ជ្រូក​ស៊ី ។
៣. ចំណី និង​ទឹក
ប្រភេទ​ចំណី​នេះ​អាស្រ័យ​តាម​រដូវ​ផង​ដែរ ដោយនៅ​រដូវវស្សា​សម្បូរ​ត្រី ក្ដាម និង​បន្លែ គាត់​លាយ​ចំណី​ដែល​មាន​ដូច​ជា កន្ទក់ សណ្ដែកសៀង ត្រី ក្ដាម និង​បន្លែ​ត្រ​កូន កំពីងពួយ​ជាដើម ។ ចំណែក​នៅ​រដូវប្រាំង​វិញ គាត់​លាយ​តែ​កន្ទក់ ត្រកួន ឱ្យ​ជ្រូក​សី​ុ ព្រោះ​ខ្វះខាត​ចំណី​ផ្សេង​ៗ​ទៀត​រួម​ផ្សំ​នឹង​ត្រី​ផង ។ ចំពោះ​ទឹក គឺ​ផ្ដល់​ទឹកស្រះ​ឱ្យ​ផឹក ព្រោះ​គាត់​មាន​ទឹកស្រះ​នៅ​ក្បែ​ទ្រុង ។
៤. ការ​ថែទាំ​ជ្រូក
ចំពោះ​ការ​ថែទាំ គាត់​មានការ​យកចិត្តទុកដាក់​ខ្លាំង​លើ​មេ​ជ្រូក​ដែល​ផើម ព្រោះ​មេ​ផើម​តែង​ជួប​បញ្ហា​ក្ដៅ​ដង្ហក់ ដូច្នេះ​គាត់​ថែទាំ​ដូច​ជា​៖
-​ស្រោច​ទឹក​លើ​ខ្លួន និង​ដាក់​ទឹក​ឱ្យ​ផឹក​បាន​ច្រើន
-​តម​អាហារ​ដំណើប បាយ​ស្រា​ខ្លោច ព្រោះ​ធ្វើ​ឱ្យ​ក្ដៅ និង​មិន​មាន​ទឹកដោះ
-​ផ្ដល់​អាហារ​បន្លែ​ឲ្យ​ច្រើន​ជាង​កន្ទក់  ជៀសវាង​ការ​ក្ដៀនលាមក
-​ការពារ​មិន​ឲ្យ​មេ​ផើម​ប៉ះទង្គិច​ខ្លាំង នាំ​ឱ្យ​រលូត​កូន
-​ដុសលាង​សំអាត​ទ្រុង​ជា​ប្រចាំ​គឺ ១​ថ្ងៃ ៣​ទៅ​៤​ដង
-​ផ្ដល់​ចំណី​ឱ្យ​បាន​ទៀងទាត់​គ្រប់ពេល និង​រាល់ថ្ងៃ
-​នៅ​ពេល​ជ្រូក​កើតកូន ត្រូវ​យក​ក្រណាត់​ជូត​កូនជ្រូក​ឲ្យ​ស្អាត ដាល់​ក្នុង​កញ្ឆេ​ដែល​មាន​ក្រាល​ចំបើង ដើម្បី​ឱ្យ​មាន​ភាព​កក់ក្ដៅ
-​កាត់​ធ្មេញ ទងផ្ចិត និង​ដាក់​ឱ្យ​បៅ​ទឹកដោះ​ដំបូង ដើម្បី​ឲ្យ​កូនជ្រូក​មាន​សុខ​ភាពរឹងមាំ
-​កូនជ្រូក​អាយុ​៣​ទៅ​៤​ថ្ងៃ ត្រូវ​ឃាំង​កូន​ដាក់​ផ្ដាច់​ពី​មេ ព្រោះ​ខ្លាច​មេ​ជាន់ ។
៥. ចំណុច​គួរ​កែ​លម្អ
ដើម្បី​ឲ្យ​ការ​ចិញ្ចឹម​បាន​ល្អ​ប្រសើរ​ជាង​នេះ គួរ​កែប្រែ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម ៖
-​គូរ​ដាំ​បន្ថែម​នូវ​ប្រភេទ​ចំណី​ជ្រូក​ផ្សេង​ទៀត មាន​ដំឡូង​មី ក​ន្ធំ​ថេ​ត ដំឡូងជ្វា
-​ចំពោះ​ទ្រុង​ត្រូវធ្វើ​ឱ្យ​ជិត មិន​ឱ្យ​សត្វ​ដទៃ​ទៀត​ដូច​ជា មាន់ ទា ចូល ព្រោះ​វា​អាច​បង្ក​ភាព​កខ្វក់ និង​ឆ្លង​មេរោគ​ដល់​ជ្រូក​បាន
-​មិន​គួរ​សង់​ទ្រុង​ជិត​ផ្ទះ​ពេក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ជះក្លិន​លាមក ។
សរុប​មក បច្ចេកទេស​សំខាន់​ៗ​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​មាន ៖
-​ជ្រើសរើស​ពូជ​ជ្រូក​ចិញ្ចឹម​ឱ្យ​បាន​ល្អ
-​សង់​ទ្រុង​ឱ្យ​មាន​ទំហំ​សម​ស្រប និង​មាន​ដំបូល​ការពារ​កម្ដៅថ្ងៃ ភ្លៀង
-​ផ្ដល់​ទឹក និង​ចំណី​ឱ្យ​បាន​ទៀងទាត់ ដោយ​មាន​លាយ​ចម្រុះ កន្ទក់ ត្រី ក្ដាម បន្លែ ។​ល​។
-​ថែទាំ​សម្អាត​ជ្រូក និង​ទ្រុង​ជា​ប្រចាំ និង​ដាក់​ជ្រូក​មេ និង​ជ្រូក​កូន ខ័​ណ្ឌ​ដាច់​ដោយឡែក​ពី​គ្នា
-​យកចិត្តទុកដាក់​ថែទាំ​លើ​មេ​ជ្រូក​ផើម ដោយ​ស្រោច​ទឹក​ឱ្យ​ត្រជាក់ និង​តម​អាហា​ក្ដៅ ។​ល​។

បុរស​ម្នាក់​រកស៊ី​កាប់​ជ្រូក​លក់​អត់​បង់​ភាស៊ី ត្រូវ​មន្ត្រី​ពេទ្យសត្វ​ចាប់​យក​ទៅ​ធ្វើ​កិច្ចសន្យា

ដោយ ៖ នីយ៉ា   
ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៩:៤៧   (24-03-2017 19:47)

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​បសុពេទ្យ​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ចាប់​សាច់​ជ្រូក ខណៈ​ដែល​ឈ្មួញ​រកស៊ី​កាប់​នៅ​ក្នុង​ស្តង់​របស់​ខ្លួន អត់​បាន​បង់ថ្លៃ​ភាស៊ី​ស្របច្បាប់​។ តែ​បន្ទាប់​ពី​ចាប់​យក​ទៅ​ណែនាំ​រួច​ហើយ ម្ចាស់​ស្តង់​សារភាព​ថា រូបគេ​ទើបនឹង​កាប់​ជ្រូក​ជា​លើក​ដំបូង ទើប​ធ្វើ​ឱ្យ​កិច្ចសន្យា​រាងចាល​រួច​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​មន្ត្រី​ពេទ្យសត្វ​ចុះ​ចាប់​សាច់​ជ្រូក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កាប់​ជ្រូក​អត់​បង់​ភាស៊ី ឈ្មោះ ស្រន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អាជីវករ​កាប់​ជ្រូក​លក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ដែល​រកស៊ី​កាប់​ជ្រូក​លក់​ខាងលើ បាន​ធ្វើ​សកម្មភាព​កាប់​ជ្រូក​បោះ​ឱ្យ​ម៉ូយ​នៅ​ក្នុងភូមិ និង​រហូត​ដល់​ផ្សារ​ព្រំ អស់​រយៈពេល​ជា​យូរ​មក​ហើយ លុះ​ស៊ើបអង្កេត​ដឹង​ថា បុរស​រូប​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ជ្រូក​លក់​ជា​រៀងរាល់ថ្ងៃ ទើប​ខាង​មន្ត្រី​ពេទ្យសត្វ​ចុះ​ទៅ​ដល់​កន្លែង​តែ​ម្តង​។
ប្រភព​បញ្ជាក់​ទៀត​ថា ពេល​ទៅ​ដល់​ឃើញ​ម្ចាស់​ស្តង់​ខាងលើ កំពុង​តែ​កាប់​ជ្រូក​ចំនួន​៤​ទៅ​៥​ក្បាល ហើយ​ក៏​លើកដាក់​លើ​រថយន្ត​យក​ទៅ​ការិយាល័យ​ពេទ្យសត្វ និង​ហៅ​ម្ចាស់​ឱ្យទៅ​ធ្វើ​កិច្ចសន្យា​រាងចាល និង​ត្រូវ​បង់​ភាស៊ី​ស្តង់​ជូន​ខាង​មន្ត្រី​ជំនាញ​ផង​ដែរ​។ ចំណែក​បុរស ឈ្មោះ ស្រន់ ខាងលើ បាន​សារភាព​ថា រូបគេ​អត់​ដឹង​ច្បាប់ទម្លាប់​នោះ​ទេ ហើយ​ការ​កាប់​ជ្រូក​លក់​តាម​ភូមិ និង​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ជា​លើក​ទី​១​ប៉ុណ្ណោះ​។
នៅ​ពេល​ក្រោយ​រូបគេ​លែង​ហ៊ាន​កាប់​ជ្រូក​លួចលាក់​បន្ត​ទៀត​ហើយ​។ ទោះបីជា​យ៉ាងណា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួចរាល់ ខាង​មន្ត្រី​ពេទ្យសត្វ បាន​ប្រគល់​សាច់​ជ្រូក​ចំនួន​៤​ក្បាល ដែល​កាប់​ហើយ​នោះ​ឱ្យទៅ​ម្ចាស់​វិញ ដោយពេល​ក្រោយ មុន​នឹង​កាប់​ជ្រូក​លក់​ត្រូវ​តែ​បង់ប្រាក់​ជូន​រដ្ឋ​ជា​មុន​សិន​។
សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ នៅ​តាម​ស្តង់​នីមួយ​ៗ អាជ្ញាធរ​តម្លើង​ថ្លៃ​ភាស៊ី ធ្វើ​ឱ្យ​អ្នក​កាប់​ជ្រូក និង​គោមួយ​ចំនួន​ត្អូញត្អែ​ថា​ឡើងថ្លៃ ហើយ​ក៏​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ កន្លង​មកនេះ​ផង​ដែរ​៕