ប្រភេទមាន់ចិញ្ចឹមយកពង (ពូជទា កាគី) និងចំណីធម្មជាតិ
ប្រភេទមាន់ចិញ្ចឹមយកពង (ពូជទា កាគី) និងចំណី ធម្មជាតិ
មាន់ គឺជាអាហារសាច់មួយប្រភេទដែលគេនិយមបំផុតទូទាំងពិភពលោក និងនៅប្រទេសណាក៏មានចិញ្ចឹមមាន់ដែរ ។
ចំណែកនៅ ប្រទេសកម្ពុជាយើងវិញ ការចិញ្ចឹមមាន់
ក៏មានច្រើនណាស់ដែរ ទាំងការចិញ្ចឹមតាមលក្ខណៈគ្រួសារ
និងការចិញ្ចឹមបែបឧស្សាហកម្ម ។
ក៏ប៉ុន្តែការចិញ្ចឹមតាមលក្ខណៈគ្រួសារមិនសូវទទួលបានផលច្រើនទេ
ឬទទួលបានជោគជ័យច្រើនឡើយ ដោយសារអ្នកចិញ្ចឹម
មិនមានចំណេះដឹងច្រើនចំពោះការចិញ្ចឹម វាគឺជាវិធីចិញ្ចឹមតាមយថាកម្ម
ម្លោះហើយពេលណាមានមាន់ឈឺ
មិនដឹងថាត្រូវដោះស្រាយការព្យាបាលវាយ៉ាងណាឡើយ ជួនកាលពេលមាន់ឈឺ
ចេះតែទិញថ្នាំតាមនឹកឃើញយកមកបញ្ជ្រកឲ្យមាន់ ដោយសង្ឃឹមថា
វាអាចកែកុន ឬព្យាបាលមាន់ឈឺនោះឲ្យជាសះស្បើយវិញបាន ។
ជាការពិត អ្នកចិញ្ចឹមមាន់តាមផ្ទះភាគច្រើន
ជួបប្រទះនូវបញ្ហានេះជារៀងរាល់ឆ្នាំ
ជួនកាលមានមាន់ឈឺខ្លះរួចងាប់ទៅ
មានមាន់នៅសល់ដែលមិនឈឺក៏បន្តការចិញ្ចឹមនោះជាបន្តទៀត
ដោយមិនមានវិធីការពារមាន់ពីជម្ងឺបានឡើយ ។
សម្រាប់អ្នក ដែលចិញ្ចឹមមាន់មានចំនួនច្រើនខ្លះ
សឹងបានជួបបញ្ហាដូចគ្នានេះដែរ
ហើយក៏ពុំអាចរកវិធីដោះស្រាយពេលមាន់ឈឺដូចអ្នកចិញ្ចឹមតិចតួចតាម
គ្រួសារដូច្នោះដែរ ។
ដើម្បីទទួលបានជោគជ័យលើការចិញ្ចឹមមាន់ ទោះតិចក្តី ច្រើនក្តី
អ្នកចិញ្ចឹមចាំបាច់ត្រូវ ដឹងពីវិធីមួយចំនួនដែរចាំបាច់ជាមុនសិន
មុនពេលចាប់ផ្តើមចិញ្ចឹម បើពុំនោះទេ
យើងនឹងជួបការខាតបង់ម្តងហើយម្តងទៀត ដោយជៀសមិនរួចឡើយ ។
យើងសូមលើកយកវិធីមួយចំនួន
មកបង្ហាញដែលអាចជួយដល់អ្នកចិញ្ចឹមមាន់បានយល់ពីអ្វី
ដែលជាវិធីចិញ្ចឹមមាន់តាមបែបធម្មជាតិ
ជាមូលដ្ឋានសំខាន់សម្រាប់អ្នកចិញ្ចឹមមាន់ទាំងអស់យកធ្វើជាគោល ។
យើងសូមចែកចេញជា ៥ ជំពូកសំខាន់ៗដូចខាងក្រោមនេះ :
- ចំណីមាន់
- ពូជមាន់ដែលត្រូវចិញ្ចឹម
- ទ្រុងមាន់
- ការចិញ្ចឹមនិងព្យាបាលមាន់
- ការពង្រីកមុខរបរចិញ្ចឹមមាន់
នៅក្នុងជំពូកទាំងប្រាំខាងលើនេះ មិនបានកំណត់ថា អ្នក
ចិញ្ចឹមមាន់នោះ ចិញ្ចឹមតិច ឬច្រើនឡើយ
គឺអាចយកមកប្រើការបានដូចគ្នា អ្វីដែលជាកត្តាសំខាន់ជាងគេនោះ
គឺការធ្វើតាមឲ្យបានត្រឹមត្រូវ
ទៅតាមអ្វីដែលបានរៀបរាប់ក្នុងសៀវភៅនេះ បើមិនដូច្នោះទេ
យើងនឹងមិនអាចទទួលបានជោគជ័យឡើយ ។
បញ្ហាសំខាន់ មួយទៀតនោះ គឺគោលដៅនៃការចិញ្ចឹម ធនធានដែលមាន
និងគោលដៅទៅពេលមុខ ។ ការបង្កើតពូជមាន់ថ្មីដោយខ្លួនឯង
និងការសម្រាំងមាន់ល្អ សម្រាប់ការចិញ្ចឹមបន្ត ព្រមទាំងយល់
ឲ្យបានច្បាស់ពីសេចក្តីត្រូវការរបស់ទីផ្សារ
និងការចាត់ចែងចំណូលដែលទទួលបានពីការចិញ្ចឹម ។
ចំណីមាន់ Click to collapse : រាល់ការ ចិញ្ចឹមមាន់
អ្នកចិញ្ចឹមត្រូវមានមូលដ្ឋាននៃការផលិតចំណីឲ្យមាន់ឲ្យបាន
ច្បាស់លាស់ ចេះប្រើការកែច្នៃទាំងឡាយដែលអាចយកមកប្រើការបាន
ទាំងចំណីជាសាច់ ជាបន្លែ និងសត្វល្អិតផ្សេងៗ ។
ចំណីបានមកពីរុក្ខជាតិ :
មានរុក្ខជាតិមួយចំនួនដែលយើងអាច យកមកប្រើធ្វើជាចំណីមាន់បាន
យើងអាចដាំវា នៅទីដែលយើងចិញ្ចឹមមាន់ផ្ទាល់តែម្តង
ឬយើងអាចដាំនៅទីក្បែរខាងក៏បាន :
- ម្រុំ
- កន្ទុំទេស
- ត្រកួន
- ងប់
- ផ្ទី
- ដំឡូងជ្វា
- ដំឡូងឈើ
- ត្រាវ
- អង្គាដី
- ចកបាយទា
រុក្ខជាតិ ទាំងអស់ខាងលើនេះ
មានសារៈសំខាន់ណាស់សម្រាប់ផ្តល់ជាចំណីឲ្យមាន់
យើងត្រូវរកវិធីដាំវាឲ្យបានច្រើន តាមដែលអាចធ្វើបាន ។
- ម្រុំ Click to collapse
គឺជារុក្ខជាតិមួយបែប
ដែលអ្នកស្រុកក្នុងប្រទេសខ្លះឲ្យឈ្មោះថា ជាថ្នាំទិព្វ
ពីព្រោះវាអាចព្យាបាល ជម្ងឺផង និងជាអាហារដ៏ពិសេសផង ។
នៅក្នុងស្លឹកម្រុំមានសារធាតុចិញ្ចឹមសំខាន់ៗច្រើន ដែលល្អជាងផ្លែឈើ
និងបន្លែខ្លះទៀតផង ។
នៅក្នុងស្លឹកម្រុំមាន:
- ជាតិដែកច្រើនជាងបន្លែស្ពៃ ស្ពីនណេច ៣ ដង
- ប្រូតេអ៊ីនចំនួន ២ ដងនៃ យូហ្កឺត
- វីតាមីនសេចំនួន ៧ ដងច្រើនជាងក្រូចពោធិសាត់
- វិតាមីនអាចច្រើនជាងការ៉ុតចំនួន ៧ ដង
- កាលស្យូមច្រើនជាង ទឹកដោះគោ ៤ ដង
- និងមានសារធាតុរ៉ែជាច្រើនទៀត ដែលល្មមគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យមាន់ជាចំណីបាន ។
គេអាចប្រើស្លឹកម្រុំដែលហាលស្ងួត ជាជំនួសសណ្តែកសៀង ដែលជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ចំណីសត្វ ។
យើងអាចដាំ និងបេះស្លឹកម្រុំមកហាលរួចបុកឲ្យម៉ដ្ឋ
លាយជាមួយចំណីផ្សេងទៀតឲ្យមាន់ស៊ីបាន
ពីព្រោះនៅក្នុងស្លឹកម្រុំមាន់ប្រូតេអ៊ីន និងសារធាតុរ៉ែ
វីតាមីនជាច្រើនមុខ ជួយឲ្យមាន់ធំធាត់បាន
ដូចបានផ្តល់សណ្តែកសៀងឲ្យវាដែរ អាចល្អជាងផង ។
ក្រៅពីវាជា ចំណីមាន់
វានៅអាចជួយឲ្យមាន់អាចទប់ទល់ជាមួយជម្ងឺផ្សេងៗបានផងដែរ ។
នេះគឺជាចំណីមួយដែលយើងអាចដាំតាមរបងដី ក្នុងចំការ
លៃយ៉ាងណាត្រូវដាំឲ្យបានចំនួន ៥០ ទៅ ១០០ ដើម
អាចល្មមគ្រប់គ្រាន់ឲ្យមាន់ស៊ីបានចំនួន ៥០០ ក្បាលបាន ។
លាយស្លឹក ម្រុំក្នុងអត្រា ២៥ ភាគរយជាមួយចំណីផ្សេង
បើបានហាលស្ងួត តែបើឲ្យវាស៊ីស្រស់ៗ មាន់មិនចូលចិត្តស៊ីទេ
ពីព្រោះក្លិននិងរសជាតិវាបណ្តាលឲ្យមាន់មិនចូលចិត្ត ។
ម្រុំជា រុក្ខជាតិងាយស្រួលដាំ ធន់ចំពោះភាពរាំងស្ងួត
មិនងាយងាប់ទេ ដើមរបស់វាក៏មិនធំប៉ុន្មាន
បើមានផ្លែត្រូវបេះផ្លែទុំមកបណ្តុះវាបន្ត ។
នៅប្រទេសអាហ្រិ្វកខ្លះ មានចំការម្រុំធំៗជាបែបកសិឧស្សាហកម្ម
គេដាំដើម្បីយកស្លឹកវាលក់ ក្នុងទម្រង់ជាម្សៅ ។
អ្នកចិញ្ចឹមមាន់ចាំបាច់ត្រូវដាំម្រុំ
ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
កន្ទុំទេស ឬ កន្ទុំថេត Click to collapse
ជារុក្ខជាតិ
ដែលមានដុះគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាយើង ។
ខ្មែរយើងច្រើននិយមប្រើសម្រាប់ធ្វើជាល្បោយនំបញ្ចុក
ក្មេងៗចូលចិត្តបរិភោគផ្លែខ្ចី ដែលមានគ្រាប់នៅខាងក្នុង ។
នៅក្នុង ស្លឹកកន្ទុំថេត មានផ្ទុកដោយប្រូតេអ៊ីនយ៉ាងច្រើន
គឺមានចំនួនរហូរដល់ ២២ ភាគរយ
ដោយសារវាមានប្រូតេអ៊ីនច្រើនបែបនេះទើបត្រូវបានប្រទេសជាច្រើនណែនាំ
ឲ្យអ្នកចិញ្ចឹមសត្វដាំកន្ទុំថេត
ដើម្បីយកស្លឹកវាផ្តល់ឲ្យសត្វស៊ី មានគោ ក្របី ជ្រូក មាន់ទា ពពែ
។ល។
សម្រាប់មាន់ យើងអាចបេះស្លឹកវាមកហាល
រួចកិនឲ្យទៅជាម្សៅម៉ដ្ឋដាក់លាយជាមួយចំណីផ្សេងទៀតមាន់ស៊ី ។
វាជាប្រភេទចំណីដែលអាចរកបាន និងដាំបានដោយងាយ
បើយើងអាចមានលទ្ធភាពដាំវាបានក្នុងចំនួនច្រើន
វាសឹងអាចជួយផ្តល់ប្រភពចំណីឲ្យមាន់យើងបានចំនួន ៣០ ភាគរយដែរ ។
ជាធម្មតា នៅក្នុងរូបមន្តចំណីមាន់
គេបានណែនាំឲ្យយើងប្រើស្លឹកកន្ទុំថេតសម្រាប់លាយជាមួយចំណី
ផ្សេងទៀតក្នុងអត្រាត្រឹមតែ ៥ ទៅ ១៥ ( ស្ងួត ) ភាគរយតែប៉ុណ្ណោះ
តែក្នុងករណីខ្លះ យើងអាចប្រើវារហូតដល់ ៣០ ភាគរយ
បើយើងមានលាយចំណីជាតិសាច់ជាមួយក្នុងអត្រាប្រហាក់ប្រហែលគ្នា
ជាពិសេសគឺ ម្សៅត្រី ។
ទោះបីយ៉ាងណា ក៏ដោយ ស្លឹកកន្ទុំថេត
គឺជាចំណីមួយដែលមិនអាចខ្វះបានទេ
សម្រាប់ផ្សំលាយជាមួយចំណីផ្សេងទៀតឲ្យមាន់ស៊ី ។ នៅប្រទេសខ្លះ
ដែលពិបាករកស្មៅឲ្យគោ គេបាន ដាំកន្ទុំថេតចំនួន ៤ ហិកតា
ល្មមអាចផ្តល់ចំណីឲ្យគេបានចំនួនពេញមួយឆ្នាំ សម្រាប់គោចំនួន ៦០
ក្បាល ទៅ ១០០ក្បាល ។
គេដាំដើមកន្ទុំថេតលាយជាមួយដំណាំផ្សេងទៀតដើម្បីជួយឲ្យដំណាំនោះ
ដុះលូតលាស់បានល្អ ។
ត្រួយខ្ចី ស្លឹកខ្ចី ផ្លែខ្ចី
អាចយកមកហាន់បុកហាលថ្ងៃឲ្យមាន់ស៊ីបាន
មិនត្រូវឲ្យមាន់ស៊ីស្លឹកស្រស់ៗរបស់កន្ទុំថេតឡើយ
ពីព្រោះវាមានផ្ទុកជាតិពុលតិចតួច និង
បង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហាររបស់មាន់ដែរ ។
ត្រកួន Click to collapse
វាជាបន្លែមួយមុខដែលខ្មែរយើងនិយមជាងគេ ម្យ៉ាងទៀតនោះ
គេអាចបរិភោគបានទាំងមនុស្ស និង សត្វ ។
ត្រកួនអាចឲ្យយើងដាំក្នុងទឹក និងលើគោកបាន
វាជាប្រភេទបន្លែដែលមានការដុះលូតលាស់យ៉ាងលឿន
ហើយប្រើពេលវេលាតែត្រឹម ៤៥ ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានហើយ ។
យើងអាចដាំត្រកួនចំនួនបួនដប់រង
ត្រៀមសម្រាប់ផ្តល់នៅពេលចំណីផ្សេងទៀតមានមិនគ្រប់គ្រាន់
យើងអាចប្រើការត្រកួនជាចំណីឲ្យវាបានដូចគ្នា ។ សូមចាំថា
គេអាចចិញ្ចឹមមាន់ ដោយមិនចាំបាច់ផ្តល់ចំណីជាសាច់សោះក៏បានដែរ
វាមិនមានប៉ះពាល់ដល់ការលូតលាស់របស់មាន់ទេ ។
ត្រកួនយើង
អាចឲ្យវាស៊ីច្រើនប៉ុនណាក៏មិនប៉ះពាល់ដល់ការលូតលាស់របស់មាន់ដែរ ។
វិធីមួយទៀតនោះ គឺយើងហាន់កិនវាឲ្យល្អិតលាយជាមួយកន្ទក់ចុងអង្ករ
ដាក់ឲ្យវាស៊ីក៏បាន ក្នុងការលាយយើងដាក់ត្រកួនចំនួន ៥០ ភាគរយ
និងម្សៅត្រីចំនួន ២ ភាគរយ អាចឲ្យកូនមាន់ និងមាន់ធំស៊ីបានដូចគ្នា ។
វាជាចំណីសម្រាប់ដោះទាល់ម្តងម្កាល ។
គឺជារុក្ខជាតិមួយប្រភេទ ដែលមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើនដែរ
គឺរហូតដល់ ៧ភាគរយ ដល់ ១២ ភាគរយ
ក្រៅពីនេះវាមានផ្ទុកសារធាតុជាច្រើនមុខទៀត
ដែលជួយដល់ការលូតលាស់របស់មាន់
និងអាចជួយការពារវាពីជម្ងឺបានខ្លះទៀតផង ។
ការលាយស្លឹកងប់ស្ងួតឲ្យមាន់ស៊ីមានប្រយោជន៍ច្រើនណាស់ ហេតុនេះ
យើងគួរដាំដើមងប់នេះនៅតាមរបង អាចបេះសម្រាប់ស្លរផង
បេះឲ្យមាន់ស៊ីផង ។ ស្លឹកងប់មិនត្រូវឲ្យមាន់ស៊ីស្រស់ៗទេ
យើងត្រូវហាលវាចំនួន ៦ ម៉ោងសិន មុនពេលដាក់ឲ្យមាន់ស៊ី ។
យើងអាចហាលរួចកិនជាម្សៅ ឬស្រុះជាមួយទឹកក្តៅមួយភ្លែតសិន ទើបដាក់ឲ្យមាន់ស៊ី ។
ផ្ទី មានច្រើនប្រភេទ ដែលយើងអាចយកមកប្រើការជាចំណី មាន់បាន
មានផ្ទីដូង ផ្ទីអាចម៍មាន់ ផ្ទីបន្លា ផ្ទីថ្ម
និងមានផ្ទីច្រើនយ៉ាងទៀត តែផ្ទីដែលយើងនិយមប្រើច្រើនជាងគេ
គឺផ្ទីដូង វាជាបន្លែដែលងាយដាំ ជូនកាលដុះដោយខ្លួនឯងក៏មាន
តែជាការល្អយើងអាចដាំវាឲ្យបានច្រើន
ដើម្បីទុកកាត់ជាចំណីឲ្យមាន់ យើងអាចឲ្យវាស៊ីឆៅតែម្តង
ដោយមិនចាំបាច់ហាលទេ មាន់អាចស៊ីវាបាន ។
នៅក្នុងស្លឹកផ្ទីមានផ្ទុកប្រូតេអ៊ីនចំនួនពី ១៦ ទៅ ១៨ ភាគរយ
គឺល្មមគ្រប់គ្រាន់សម្រាប់ទាំងមាន់តូច និងមាន់ធំ ក្រៅពីប្រូតេអ៊ីន
វាមានផ្ទុកជាតិដែកយ៉ាងច្រើន រួមទាំងកាល់ស្យូមផងដែរ ។
មានការបកស្រាយខ្លះ បានឲ្យយោបល់ថា
ការផ្តល់គ្រាប់ផ្ទីឲ្យកូនមាន់ស៊ីវាអាចប៉ះពាល់ដល់ការលូតលាស់របស់
វា ពីព្រោះផ្ទីមានផ្ទុក សារធាតុខ្លះដូចជា annins, trypsin inhibitors,
lectins, and saponins វាអាចធ្វើឲ្យមាន់ធំលូតលាស់យឺត
តែបើយើងឲ្យវាស៊ីត្រឹមកម្រិត ៥ ទៅ ១៥ ភាគរយនៃចំណីសរុប
វានឹងមិនបង្កជាបញ្ហាឡើយ ។
ស្លឹកដំឡូងជ្វាបានជួយសង្គ្រោះជីវិតជាច្រើនក្នុងរបបខ្មែរក្រហម
វាត្រូវបានយកមកបប រលាយជាមួយអង្ករ និងធ្វើជាអន្លក់
ទោះបីវាមានជាតិជ័រខ្លះដែលធ្វើឲ្យធ្មេញខ្មៅបន្តិចក្តី
តែវាមានសារធាតុចិញ្ចឹមល្មមអាចឲ្យយើងរស់បានមួយគ្រាៗដែរ ។
តាមពិតទៅនៅ ក្នុងស្លឹកដំឡូងជ្វា មានប្រូតេអ៊ីនច្រើនគួរសម
គឺមានរហូតដល់ ១៦.៥ បន្ទាប់ពីហាលស្ងួត ។
វាជាប្រភពប្រូតេអ៊ីនមួយដែរ យើងអាចយកមកប្រើការធ្វើជាចំណីមាន់បាន
ដោយឲ្យវាស៊ីស្រស់
ឬហាលឲ្យស្ងួតទើបកិនជាម្សៅសម្រាប់លាយជាមួយវត្ថុធាតុផ្សេងឲ្យ
មាន់ស៊ី ។
យើងអាចប្រើការបានទាំង ទង ត្រួយ និងស្លឹករបស់វា
ឬយើងអាចចងជាបាច់ដាក់ត្រាំទឹកដែលមានលាយជីអ៊ីអ៊ឺម រយៈពេលចំនួន
៣ ម៉ោង រួចចងដាក់ព្យួរក្នុងកន្លែងមាន់ស៊ី ។
មើម
ដំឡូងជ្វាក៏អាចឲ្យយើងប្រើធ្វើជាចំណីមាន់បានយ៉ាងល្អផងដែរ
វាមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើន រហូតដល់ ៤ ក្រាម ក្នុងចំនួនមើមដំឡូង
២០០ ក្រាម ក្រៅពីនេះវានៅមានផ្ទុកសារធាតុវីតាមីនរ៉ែសំខាន់ៗ
សរុបទាំងអស់ចំនួន ៨៤ប្រភេទ នឹងត្រូវបានគេចាត់់ទុកថា
មើមដំឡូងជ្វាគឺជាបន្លែដែលមានចំណាត់ថា្នក់លេខមួយលើពពួកបន្លែ
ទាំងអស់ក្នុងលោក ។
សូមរកទិញ មើមដំឡូងជ្វានៅផ្សារដើមគរ
រកមើលតែមើមណាដែលមានមើមធំល្អ ទិញចំនួន ប្រហែល ១០ គីឡូ
តែត្រូវរើសតែដំឡូងជ្វាសាច់ក្រហម
សាច់ខាងក្នុងកាន់តែក្រហមគឺកាន់តែល្អ មិនត្រូវទិញដំឡូងសាច់សទេ ។
ពេលទិញសូមរើសមើលមើមណាដែលមានរូបរាងស្រឡូនល្អ មើមធំ
គ្មានគឹងស៊ី និងគ្មានស្នាម ឬបាក់បែក ។ យើងត្រូវការមើមដំឡូងនេះ
យកមកធ្វើជាពូជ ពីព្រោះវាមានគុណភាពល្អជាងមើមដំឡូងដែលមានសាច់ស
និងសាច់ពណ៌លឿងស្រាល ។
ដើម្បីបណ្តុះមើមដំឡូង ឲ្យមានត្រួយមុនពេលយកទៅដាំសូមធ្វើដូចខាងក្រោម :
- កាត់ដបទឹកសុទ្ធចំណុះមួយលីត្រ ត្រឹមពាក់កណ្តាលឲ្យស្មើចំនួន មើមដំឡូងដែលមាន ។
- រកឈើចាក់ធ្មេញមួយចំនួនទុកសម្រាប់ដោត
- លាងមើមដំឡូងឲ្យស្អាត
- កាត់ដបទឹកសុទ្ធត្រឹមពាក់កណ្តាលដប ត្រូវកាត់ស្មើ អាចប្រើកែវទឹកក៏បាន ។
- យក មើមដំឡូងដែលបានលាងទឹកស្អាតហើយ
នោះមកដោតឈឺចាក់ធ្មេញជុំវិញចំនួន ៣ ទៅ ៤ ឈើ ជុំវិញមើមដំឡូង
រួចដាក់ខាងក្បាលមើមដំឡូងទៅលើ ខាងចុងមើមទៅក្រោម
លៃធ្វើយ៉ាងណាឲ្យឈឺចាក់ធ្មេញអាចទ្រមើមបាន
បើមើមនោះតូចជាងដបទឹកសុទ្ធ
តែបើមើមនោះធំជាងត្រូវដាក់ផ្ទាល់់តែម្តង
មិនបាច់ដាក់ឈើចាក់់ធ្មេញដោតទល់វាទេ ។
ចាក់ទឹកធម្មតាចូលក្នុងដបឲ្យស្មើត្រឹមចុងមើមដំឡូង ។
- ពេល ធ្វើគ្រប់មើមដំឡូងហើយ សូមយកទៅដាក់់នៅទីណាមួយ
ដែលមានពន្លឺល្មម ។ ត្រូវទុកបែបនេះ រហូតវាមានចេញស្លឹកបីបួន
ត្រូវយកវាទៅដាក់ទីណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់
តែមិនត្រូវឲ្យថ្ងៃចំពេកទេ ដើម្បីឲ្យវាបន្តការលូតលាស់បានល្អ ។
ក្រៅពីនេះ យើងអាចប្រើវិធីផ្សេងទៀត
ដើម្បីបណ្តុះវាដោយធ្វើទីមួយដែលមានរាងបួនជ្រុង ហ៊ុំដោយ
ស្លឹកត្នោត រួចយកផេះអង្កាមមកក្រាលនៅបាតឲ្យបានកម្រាស់ ១០
សង្ទីម៉ែត្រ យកស្មៅ ឬចំបើងស្ងួត ដាក់ត្រាំទឹកឲ្យសើមល្អ
មកតម្រៀបគ្របលើផេះអង្កាមនោះ ឲ្យពេញកម្រាស់ ១០សង្ទីម៉ែត្រ ( ស្មៅ
ឬចំបើងដែលដាក់ត្រូវកាត់ឲ្យល្អិតសិនមុនដាក់ក្រាល)
កាលបើតម្រៀបពេញហើយ ដាក់កំទេចចំបើងហាន់ល្អិតៗរោយពីលើឲ្យសព្វល្អ
មានកម្រាស់ត្រឹមតែមួយធ្នាប់ដៃបានហើយ ។ ស្រោចទឹកពីលើ ឲ្យជោគល្អ
ដាក់ធាងត្នោត ឬស្លឹកធ្វើជាដំបូលឲ្យវា
បន្តស្រោចទឹកមួយដងក្នុងមួយថ្ងៃពេលល្ងាច
រហូតវាមានចេញស្លឹកបោះទងវែងជាងមួយចំអាម ទើបយកវាទៅដាំតាមរង ។
ស្លឹកដំឡូង មានជាតិម្យ៉ាងហៅថា មីម៉ូស៊ីន
វាធ្វើឲ្យមាន់ថមថយការលូតលាស់ និងក្រិន មុនយកស្លឹកដំឡូងឲ្យមាន់ស៊ី
ត្រូវយកវាមកត្រាំជាមួយទឹកស្កកាកអំពៅ
ឬត្រាំទឹកធម្មតាឲ្យបានចំនួន ៣ ម៉ោងសិន ដោយចាក់
ជីអ៊ីអ៊ឺមបំបែកចូលចំនួន ១០០ សេសេ ចូលក្នុងទឺកត្រាំវា
វិធីមួយទៀតនោះ យើងអាចហាលវាក្រោមកំដៅថ្ងៃចំនួន បីម៉ោងដែរ
ដើម្បីឲ្យសាបជាតិមីម៉ូស៊ីន ។
វិធី ម្យ៉ាងទៀតនោះ
គឺត្រូវកិនស្លឹកឲ្យល្អិតរួចហាលថ្ងៃចំនួនពីរម៉ោង
បន្ទាប់មកយកវាមកលាយជាមួយកន្ទក់ ពោតកិន និងម្សៅត្រីឲ្យវាស៊ី
បើបានថែមស្ករបន្តិច និងព្រីមិចផងជាការប្រសើរណាស់ ។
មើមដំឡូងជ្វាត្រូវហាន់តូចៗដាក់ហាលថ្ងៃឲ្យស្ងូត
ទើបកិនឲ្យមាន់ស៊ី អាចប្រើលាយជាមួយចំណីផ្សេងទៀតទើបជាការប្រសើរ
យើងអាចប្រើមើមដំឡូងជ្វាជំនួសពោតក្រហម និងសណ្តែកសៀងបាន ។
ដំឡូងឈើ Click to collapse
មើមដំឡូងឈើ
និងស្លឹករបស់វាក៏ជាប្រភេទចំណីដែលសម្បូរណ៍ដោយប្រូតេអ៊ីនផងដែរ,
យើងអាចហាន់មើមដំឡូងឈើជាចំណិតតូចៗដាក់ហាលថ្ងៃចំនួន ២ ថ្ងៃ
ទើបកិនឲ្យម៉ដ្ឋដាក់លាយជាមួយចំណីផ្សេងទៀតឲ្យមាន់ស៊ី ។
ស្លឹករបស់ វា និងត្រួយត្រូវធ្វើដូចស្លឹកដំឡូងជ្វាដែរ
មុនពេលដាក់ឲ្យវាស៊ី ។ មើមដំឡូងឈើ គឺជាចំណីមួយយ៉ាងសំខាន់
ពីព្រោះវាអាចជួយសម្រាប់ការចំណាយលើចំណីបានយ៉ាងច្រើន
តែមិនត្រូវប្រើតែវាសុទ្ធឡើយ
ត្រូវលាយជាមួយចំណីផ្សេងទៀតមុនពេលដាក់ឲ្យវាស៊ី ។
នៅក្នុងមើមដំឡូងឈើមានជាតិប្រូតេអ៊ីន ចំនួនជាង ២០ ភាគរយ (ហាលស្ងួត)
យើងអាចប្រើវាចំនួន ៣០ ទៅ ៥០ ភាគរយជាជំនួសពោតនិង សណ្តែកសៀងបាន ។
វាជាចំណីដែលចំណាយតិចបំផុត អាចផលិតដោយខ្លួនយើងបាន អាចប្រើការបានទាំងស្លឹក និងមើម ។
អ្នកចិញ្ចឹមមាន់ក្នុងប្រទេសមួយចំនួន
ពឹងផ្អែកទាំងស្រុងទៅលើការចិញ្ចឹមសត្វបក្សី (មាន់ ទា)
ដោយប្រើមើមដំឡូងជាចំណី ហើយអាចទទួលផលបានដូចគ្នា ។
មើម
ដំឡូងជ្វា មើមដំឡូងឈើ គឺជាប្រភពចំណីមាន់ទាដែលងាយរក និងចំណាយតិច ។
កាលណាយើងអាចផលិតចំណីដែលចំណាយតិចបាន យើងអាចទទួលផលបានច្រើនជាង
ម្យ៉ាងទៀតយើងមិនចាំបាច់ព្រួយចំពោះការរកចំណីឲ្យវាឡើយ
ពីព្រោះចំណីទាំងនេះ មានស្ទើរគ្រប់រដូវកាល ។
គឺជាប្រភពចំណីមួយទៀត ដែលយើងអាចយកមកប្រើធ្វើជាចំណីមាន់បាន
វាត្រូវបានគេសាកល្បងផ្តល់ជាចំំណីឲ្យមាន់នៅប្រទេសគុយបា
និងក្រុមប្រទេសច្រើនទៀត នៅអាមេរិកកណ្តាល ។
ត្រាវមានផ្ទុកដោយប្រូតេអ៊ីន ក្នុងកំរិត ៧ ភាគរយបន្ទាប់ពីហាលស្ងួត
តែប្រភេទត្រាវនេះដែរ ដាំនៅតំបន់ខ្លះអាចផ្ទុកប្រូតេអ៊ីនរហូតដល់ ២១
ទៅ ២៦ ភាគរយ ចំពោះស្លឹកវាវិញក៏មានផ្ទុកប្រូតេអ៊ីនរហូត ២០ភាគរយ
បន្ទាប់ពីបានស្ងោររួច តែអាចកើនចំនួនប្រូតេអ៊ីនរហូតដល់ ៤៦ភាគរយ
បើគេយកវាទៅផ្អាប់ជាមួយស្ករកាកអំពៅ ។
ត្រាវជា បន្លែងាយដាំ អាចប្រើការបានទាំងស្លឹក ធាង
និងមើមរបស់វា ។ អ្នកចិញ្ចឹមមាន់គួរដាំត្រាវឲ្យបានច្រើន
ដើម្បីទុកសម្រាប់ធ្វើជាចំណីឲ្យមាន់ទា
ពីព្រោះវាអាចជួយកាត់បន្ថយការប្រើចំណីដែលមានតម្លៃថ្លៃ
និងអាចជួយឲ្យមាន់ទាលូតលាស់ធំធាត់បានដូចគ្នា ។
ដើម្បី កែច្នៃមើមត្រាវឲ្យមាន់ស៊ីជាចំណី
យើងចាំបាច់ត្រូវចិតត្រាវជាចំណិតតូចៗ
ហាលថ្ងៃស្ងូតរួចកិនវាឲ្យម៉ដ្ឋ លាយជាមួយចំណីផ្សេងទៀត
ដាក់ឲ្យមាន់ស៊ីក្នុងអត្រាចំនួន ១៥ ទៅ ៣០ ភាគរយ នៃចំណីសរុប ។
ចំពោះស្លឹករបស់វា យើងអាចហាន់ឲ្យតូចៗ
រួចចិញ្ច្រាំឲ្យល្អិតដាក់សំដិលថ្ងៃចំនួន ៣
ម៉ោងទើបយកមកលាយជាមួយចំណីឲ្យមាន់ស៊ី ក្រៅពីនេះ
យើងអាចដាក់វាលាយជាមួយស្ករកាកអំពៅផ្អាប់វា
ក្នុងធុងបិទជិតរយៈពេលមួយខែទៅបីខែ ទើបយកមកឲ្យមាន់ស៊ី
យើងអាចធ្វើផ្អកស្លឹកត្រាវនេះទុកនៅពេលយើងមានស្លឹកត្រាវច្រើន
ជាពិសេសនៅរដូវវស្សា ដែលមានភ្ញៀងច្រើន សម្បូរណ៍ស្លឹកត្រាវ ។
វាជាប្រភេទរុក្ខជាតិ ដែលមានដើមធំ តែមិនរស់បានយូរទេ
ខ្មែរយើងនិយមយកស្លឹកវា និងផ្កាវាមកធ្វើជាអន្លក់
ឬស្លរជាសម្លរផ្សេងៗ ដូចជាកកូរ ម្ជូរ ប្រហើរ ។ល។
ស្លឹករបស់ វាអាចឲ្យយើងយកមកប្រើជាចំណីមាន់បាន
ពីព្រោះនៅក្នុងស្លឹកអង្គារដីមានផ្ទុកប្រូតេអ៊ីនចំនួនប្រមាណជា
៨.៤ ភាគរយ ចំណែកគ្រាប់របស់វា អាចយកមកកិនជាម្សៅ
ដែលមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើន ទាំងគ្រាប់របស់វានិង
ស្លឹករួមទាំងផ្លែខ្ចីៗ អាចយកមកប្រើធ្វើជាចំណីមាន់បាន ។
បើគេដាំអង្គារដីចំនួន ១ ហិកតា គេអាចទទួលបានស្លឹក
និងផ្លែវាចំនួនជាងមួយរយតោន ( ស្មើ ១២០០០ដើម,
ដោយដាំឃ្លាតគ្នាចំនួន ៩០សង្ទីម៉ែត្រក្នុងមួយដើម) ។
វាជារុក្ខជាតិដែលងាយស្រួលដាំដុះ លូតលាស់លឿន មានប្រយោជន៍យ៉ាងច្រើន
ទាំងសម្រាប់មនុស្ស និងសត្វ ដើមធ្វើជាអុសដុត ស្លឹក
ផ្កាធ្វើជាបន្លែស្លរ និងអាចយកស្លឹកឲ្យជាចំណីមាន់
គ្រាប់របស់វាកិនជាម្សៅប្រើធ្វើជាចំណីត្រី និងមាន់ទាបាន ។
យើងអាចប្រើវាលាយជាមួយចំណីផ្សេងទៀតក្នុងអត្រា ១០ ទៅ ៤០ ភាគរយ
។ ក្រៅពីមានប្រូតេអ៊ីន ស្លឹកវាក៏សម្បូរណ៍
ដោយកាល់ស្យូមយ៉ាងច្រើនដែរ ។
ចកបាយទាមានផ្ទុកដោយ ប្រូតេអ៊ីនពី ៣៤ ទៅ ៤៥ ភាគរយ
ដែលជាប្រភេទចំណីមួយ យ៉ាងល្អសម្រាប់មាន់ ទា និងជ្រូក ។
យើងគួរបង្កើតទីមួយសម្រាប់ចិញ្ចឹមចកបាយទា ឲ្យបានច្រើន
បើគ្មានស្រះ
គួររកវិធីចិញ្ចឹមចកបាយទានេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ពីព្រោះវាជាប្រភពចំណីមាន់យ៉ាងសំខាន់ណាស់
មួយវិញទៀតវាងាយស្រួលចិញ្ចឹម ឆាប់ទទួលបានផល
អាចឲ្យមាន់ស៊ីក្នុងចំនួនច្រើនបាន ដោយគ្មានប៉ះពាល់ ដល់ការលូតលាស់
និងអាចជួយឲ្យមាន់ពងបានច្រើនផងដែរ ។
យើងអាចលាយវាជាមួយកន្ទក់ និងចុងអង្ករ ឬលាយជាមួយចំណីផ្សេងទៀតក្នុងអត្រា ៥០ ភាគរយ ឬច្រើនជាងនេះបាន ។
ក្រៅពីចំណីរុក្ខជាតិដែលបានរៀបរាប់ មកខាងលើនេះ
យើងនៅអាចប្រើចំណីផ្សេងទៀតជាច្រើន ដែលអាចឲ្យមាន់ស៊ីជាចំណីបាន ។
នៅប្រទេសខ្លះ គេបានចិញ្ចឹមមាន់ ដោយឲ្យស៊ីតែស្មៅសុទ្ធសាធ
ដោយគេដាំស្មៅនៅទីមួយធំ ស្មៅទាំងនេះ
មានលាយចំរុះដោយប្រភេទស្មៅផ្សេងៗគ្នាជាច្រើន មានទាំងដើម
សណ្តែកច្រើនប្រភេទ (សណ្តែកបាយ សណ្តែកសៀង សណ្តែកក្រហម សណ្តែកបង្គុយ)។
ស្លឹកពពាយ, ស្លឹកសណ្តែកទ្រើង, ផ្លែល្ពៅ សឹងតែជាចំណីមាន់យ៉ាងល្អ ។
បើសិនជាយើង អាចដាំដំណាំទាំងនេះបាន យើងពិតជាអាច
ដោះស្រាយបញ្ហាចំណីមាន់បានរហូតដល់ ៩០ ភាគរយ ចំណែក ១០ភាគរយទៀត
យើងអាចផ្តល់ជាចំណីសាច់ឲ្យមាន់ដោយ ប្រើវិធីផ្សេងៗដូចខាងក្រោមនេះ
:
សម្បូរ
ដោយប្រូតេអ៊ីនយ៉ាងច្រើន វាមាននៅគ្រប់ទីកន្លែង
យើងអាចបង្កើតវាឲ្យបានច្រើន ឲ្យ មាន់ស៊ីជាចំណីបាន
ដោយគ្រាន់តែយកក្រដាសឡាំង និងក្រដាសផ្សេងៗមកជ្រលក់ទឹកឲ្យជោក
រួចយកទៅដាក់នៅត្រង់កន្លែងដែលមានកណ្តៀរ
ដោយដាក់ក្រដាសសើមនោះគរលើគ្នា
រួចយកស្លឹកស្ងួតមកគ្របពីលើឲ្យជិត ត្រូវឧស្សាហ៍ស្រោចទឹកផ្សើមវា
រហូតយើងឃើញមានកណ្តៀរមកស៊ីក្រដាសនោះ
ទើបយើងយកវាមកឲ្យមាន់ស៊ីជាចំណី ។
វិធីបង្កើតកណ្តៀរតាមបែបផ្សេងៗ :
យើងអាចប្រើ
ក្អមទឹក ឬឆ្នាំងដី ដោយដាក់ចំបើងសើម សំបកគ្រាប់ពោត សំបកសណ្តែកដី
ក្រដាសសើម លាមកគោ ដាក់ញាត់ចូលក្នុងឆ្នាំងដី រួចផ្សើមវាឲ្យជោគ
ដាក់ផ្កាប់នៅក្បែរដំបូក ឬទីដែលមានកណ្តៀរ ត្រឹមតែមួយយប់
(ជួនកាលត្រូវការពេលរហូតមួយសប្តាហ៍ក៏មាន)
នោះយើងនឹងទទួលបានកណ្តៀរយ៉ាងច្រើនសម្រាប់ជាចំណីឲ្យមាន់ជា
មិនខានឡើយ ។
សម្រាប់ទីកន្លែងដែលសម្បូរដំបូក យើងអាចប្រើពេលត្រឹមតែចំនួនមួយថ្ងៃពីរប៉ុណ្ណោះ ដើម្បីប្រមូលកណ្តៀរ ។
វិធីមួយទៀតនោះ គឺយើងដាក់តែលាមកគោស្ងួតសុទ្ធទៅក្នុងក្អមទឹក
ផ្សើមលាមកគោសិនមុនដាក់ចូល ប្រើចំបើងស្ងួត ដាក់ញាត់មាត់ក្អម
តែមិនត្រូវឲ្យណែនពេកទេ ផ្កាប់ក្អមនេះត្រង់មាត់ ឬជើងដំបូក
ចំនួនមួយថ្ងៃ ឬច្រើនជាងនេះ យើងនឹងបានកណ្តៀរឲ្យមាន់ស៊ីជាមិនខាន ។
ដើម្បីឲ្យបានកណ្តៀរច្រើនតាមសេចក្តីត្រូវការ
ត្រូវធ្វើបែបនេះឲ្យបានច្រើនក្អម ចំនួន ១០ ទៅ ៥០ ក្អម
បើយើងមានមាន់ច្រើន ។
វិធីមួយទៀត
នោះ គឺយើងប្រើខាប់ធំមួយ ដាក់កំទេចឈើ លាយជាមួយលាមកគោ
ដោយដាក់វាជាស្រទាប់ៗ ត្រូវផ្សើមស្រទាប់នីមួយឲ្យសើមល្អ
ជីករណ្តៅធំមួយត្រឹមពាក់កណ្តាលខាប់ក្បែរដំបូក
យកស្លឹកឈើស្ងួតគ្របពីលើឲ្យជិត កុំឲ្យត្រូវថ្ងៃ
ស្វែងរកកណ្តៀរចំនួនបន្តិចបន្តួចមកដាក់ក្នុងខាប់នេះ មុនពេលគ្រប
ត្រឹមតែមួយសប្តាហ៍ នោះយើងនឹងបានកណ្តៀរមិនខាន ។
កណ្តៀរមាន
ប្រូតេអ៊ីន ស្មើត្រីស្ងួត អាចប្រើជំនួសម្សៅត្រីបាន
តែងាយរកជាងត្រី និងមិនចាំបាច់ចំណាយលុយទិញផង
យើងអាចបង្កើតវាបានរាល់ថ្ងៃ ហើយងាយស្រួលជាងការរកម្សៅត្រីផង ។
ចំណីមាន់ដ៏សំខាន់មួយទៀតនោះ គឺជន្លេនក្រហម :
ជន្លេន
ក្រហម ពេលនេះមានលក់ នៅក្នុងប្រទេសយើងមាន គេចិញ្ចឹមសម្រាប់លក់
វាជាប្រភេទជន្លេនដែលមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើន
យើងអាចចិញ្ចឹមវាដោយប្រើត្រឹមលាមកគោប៉ុណ្ណោះ
តែដើម្បីបានពូជជន្លេននេះយើងត្រូវទាក់ទងខាងអង្គការសេដាក់
ដើម្បីដឹងពីព័ត៌មានបន្ថែម ថាអាចទិញនៅទីណាបាន ។
ក្រៅពីជន្លេនក្រហមប្រភេទនេះ យើងក៏អាចចិញ្ចឹមជន្លេនធម្មតាក៏បានដែរ ពីព្រោះវាមានផ្ទុកប្រូតេអ៊ីនយ៉ាងច្រើនដូចគ្នា៕