ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Wednesday, September 14, 2016

​ការចិញ្ចឹម-ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក

បទពិសោធន៍​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក

ការចិញ្ចឹម ​ត្រី​ក្នុង​ថង់​ប្លា​ស្ទិក ជា​បទពិសោធន៍​មួយ​ដែល​ពេញ​និយម​របស់​កសិករ ។ ក្រោយពី​បាន​អាន​ទស្សនា​វ​ដ្តី​កសិក​រតែងតែ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​អនុវត្តន៍​តាម​បាន​ជោគជ័យ​គ្រប់ៗ​គ្នា នៅ​តាម​គ្រប់​តំបន់ ។ បច្ចេកទេស​នេះ​មាន​លក្ខណៈ​ងាយស្រួល និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​កសិករ​ដែល​មាន​ដី​តូច និង​ចំណាយ​អស់​តិច ។ ក្រោយ​ពី​ចិញ្ចឹម​បាន ៦ ខែ គាត់​ចាប់​លក់បាន ២០ គីឡូក្រាម​ម្តង ដោយ​ត្រី​មួយ​មាន​ទំងន់ ៣ ខាំ និង​ចាប់​លក់បាន ៣ ដង ។ ការចិញ្ចឹម​ត្រី​នេះ អាច​ធ្វើឲ្យ​ជីវភាព​គាត់​បាន​ល្អប្រសើរ ១ កំរិត ។
​លោកពូ រស់ ម៉ៅ រស់នៅ​ភូមិ​ពញ្ញា​អង្គរ ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​ប្រសាសន៍ថា ការ​ដែលគាត់​ចិញ្ចឹម​ត្រី​បាន ល្អ​នេះ​ដោយសារតែ​គាត់​អនុវត្ត​តាម​បច្ចេកទេស​ដូចខាងក្រោម ​:
១.​ការជ្រើសរើស​ទីតាំង
​​កន្លែង​ ចិញ្ចឹម ត្រូវជ្រើ​សរើស​មើល​ក្បែរ​ប្រភពទឹក​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក ដី​ទួល​ខ្ពស់​មិន​លិច​ទឹក និង​ជា​កន្លែង​វាល​មិន​ម្លប់​ពេក ហើយ​នៅ​ជិត​ផ្ទះ​ងាយស្រួល​មើលថែរក្សា ។​
២.​ការរៀបចំ​កន្លែង​ចិញ្ចឹម
​គាត់​រៀបចំ​ រណ្តៅ​ដែល​មាន​ទំហំ​បណ្តោយ ៤ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និង​ជម្រៅ ០,៩ ម៉ែត្រ ។ រណ្តៅ​គាត់​ជីក​ឲ្យមាន​ជើងទេ កុំ​ឲ្យ​បាក់​ដី រួច​ក្រាល​ថង់​ប្លា​ស្ទិក​ឲ្យ​សល់​ប្រហែល ២ តឹក ចេញ​ពី​មាត់​រណ្តៅ ដើម្បី​ដាក់​ដី​ទប់​ពីលើ ។ ក្រោយពេល​ក្រាល​ហើយ គាត់​បាន​ដាក់​ភក់​បាត​ត្រពាំង​កំរាស់ ១ តឹក សព្វ​ពេញ​បាត​រណ្តៅ ក្រោយមក​គាត់​បាន​បាច​កំបោរ​ចំនួន ២ ខាំ ដើម្បី​សម្លាប់​មេរោគ​ក្នុង​រណ្តៅ បន្ទាប់មក​ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​បូមទឹក​ចូល​ឲ្យ​ពេញ​រណ្តៅ ។ ដើម្បី​បង្កើត​ប្លង់តុង ( សត្វល្អិត​ជា​ចំណី ) គាត់​បានដាក់ទន្រ្ទានខែត្រចំនួន ២ ដុំ (មួយដុំប្រហែល ១ គីឡូក្រាម) និងបាន​ដាក់​អាចម៍គោ​ចំនួន ២ គីឡូក្រាម ដោយ​ខ្ចប់​នឹង​ស្បៃ​ឈឹប ដើម្បី​ងាយស្រួល​រំលាយសារ​ធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹក​មាន​ប្លង់តុង​ល្អ​ហើយ គាត់​ស្រង់​ទន្ទ្រាន​ខែត្រ និង​លាមក​គោ ទើប​អាច​ដាក់​កូន​ត្រី​ចិញ្ចឹម​បាន ។
៣. ការដឹកជញ្ជូន​ និង​បរិមាណ​លែង​កូន​ត្រី​
​កូន​ត្រី​ របស់គាត់​ដែល​ដាក់​ចិញ្ចឹម​បាន​ទិញ​មក​ពី​ស្ថានីយ៍​ភ្ញាស់​កូន​ត្រី ។ ក្រោយ​ពេល​មកដល់​ផ្ទះ គាត់​បាន​ដាក់​ថង់​កូន​ត្រី​ក្នុង​រណ្តៅ​ដែល​មាន​ដាក់​ទឹក​ពេញ ហើយ​មាន​ប្លង់តុង​រយៈពេល ១០ នាទី ដើម្បី​ឲ្យ​កូនត្រី​មានភាព​ស៊ាំក្នុង​ទឹក ។ ក្រោយមកទៀត គាត់​បាន​ស្រាយ​មាត់​ថង់ ហើយ​បាចទឹក​បញ្ចូល​បន្តិច​ម្តងៗ​ឲ្យ​កូនត្រី ចេញ​តាម​ដំណើរ​កុំ​ឲ្យ​កូម​ត្រី​មាន​ភាព​ភ័យរន្ធត់ ។ កូន​ត្រី​ដែល​គាត់​ដាក់​ចិញ្ចឹម​មាន​ចំនួន ៤២០ ក្បាល ។ ក្នុងនោះ​ត្រី អណ្តែង​ស្រែ​គាត់​ដាក់​ចំនួន ២០​ក្បាល ប៉ុន្តែ​ត្រូវ​ក្រៀវ​ដោយ​យក​កន្ត្រៃ​កាត់​ក្រចក​ចុង​ធ្មុង​វា​ចោល ដើម្បី​វា​លូតលាស់​លឿន ( កុំ​កាត់​ជ្រៅ​ពេក ) ។​
៤.​ប្រភេទ​ចំណី និង​ការផ្តល់​ចំណី​
​​ចំណី​ដែល​ គាត់​បាន​ផ្តល់​ឲ្យ​ត្រី​ស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀន​មាន់ ទា ពស់​ងាប់ ជន្លេន ។ ចំណី​កូន​ត្រី​ដំបូង​គឺ បាយ បបរ​លាយ​ជាមួយ​កន្ទក់ ចំណី​នេះ​ឲ្យ​ស៊ី​រយៈពេល ១ សប្តាហ៍ ក្រោយមក​គាត់​បន្ថែម​ចំណី ផ្សេងទៀត​ដូចជា កណ្តៀរ ជន្លេន​ងាប់ និង​បាយ​លាយ​ជាមួយ​កន្ទក់​ឲ្យ​ស៊ីចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ( ចំនួន​កន្ទក់ ១ គីឡូក្រាម ) ។​
៥.​ការគ្រប់គ្រង និង​ថែទាំ​
​​ចំពោះ​ទឹក គាត់​ប្តូរ ១ ខែម្តង ដោយ​ដង​ចេញ ៥ ប៉ោ​ត និង​ដង​ដាក់​វិញ ៥ ប៉ោ​ត ហើយ​គាត់​បាន​ធ្វើ​របាំង​ស្បៃ​ការពារ​ជុំវិញ​មាត់​រណ្តៅ ដើម្បី​ការពារ​សត្វ​ជ្រូក គោ មាន់ ទា និង​ពិសេស​ការពា​រការ​លោត​ចេញ ឬ ឡើង​ពី​រណ្តៅ ។ នៅ​ពេល​ដាក់​ចំណី គាត់​តែងតែ​គោះ​ឈើ​ដើម្បី​ហៅ​ត្រី​ឲ្យ​ស៊ី​ចំណី ។ ក្រៅ​ពី​គាត់​ផ្តល់​ចំណី គាត់​តែង​មើល​ជុំវិញ​រណ្តៅ​ក្រែង​មាន​ពស់ ឬ កង្កែប ឬ កណ្តុរ កាត់រ​បាំង​របស់គាត់ ។​
៦.​ការប្រមូល​ផល​
​​ក្រោយ​ពី​ ចិញ្ចឹម​បាន​រយៈពេល ៦ ខែ ត្រី​អណ្តែង​របស់គាត់​លូតលាស់​លឿន​ពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុង​មួយ​ក្បាល ។ គាត់​ប្រមូល​ផល​ដោយ​ដង​លក់​ម្តង​ចំនួន ២០ គីឡូក្រាម ។ លក់​បាន​ចំនួន ៣ ដង ទើប​អស់ ។​ សរុប​នៃ​ការលក់​ត្រី ទាំងអស់​បាន ៣៦០ ០០០ រៀល ។ ក្នុង​ការចិញ្ចឹម​ត្រី​នេះ​គាត់​ចំណាយ​ទិញ​កូន​ត្រី ៣៦ ០០០ រៀល ថង់​ប្លា​ស្ទិក ៥០០០០ ( ថង់​ប្លា​ស្ទិក​អាច​ប្រើ​បាន ៣ ដង ) ស្បៃ​ឈឹប ១២ ០០០ រៀល ។ សរុប​គាត់​ចំណាយ​អស់ ៩៨ ០០០ រៀល ។ ដូចនេះ គាត់​ទទួលបាន​ចំនួន​សុទ្ធ ៦២៦ ០០ រៀល ដោយ​មិន​គិត​ពី​ការបិភោគ ក្នុង​គ្រួសារ ។​
៧.​ចំណាប់​អរ​ម្មណ៍​

​តាមរយៈ​ ការចិញ្ចឹម​ត្រី​ដែល​ទទួល​ជោគជ័យ​នេះ លោកពូ​បាន​មានប្រសាសន៍ថា ការចិញ្ចឹម​នេះ​មិន​ចំណាយពេល​ច្រើន មិន​លំបាក​ថែទាំ មិន​ចំណាយ​ទន់​ច្រើន មិន​ត្រូវការ​កន្លែង​ធំ ពិសេស​ចំណីងាយ​រក​មិន​ចាំបាច់​ទិញ​គេ ។ ម្យ៉ាងទៀត​អាច​ផ្គត់ផ្គង់​ធ្វើ​ម្ហូប​បរិភោគ​ប្រចាំថ្ងៃ ហើយ​ឆ្នាំក្រោយ​គាត់​នឹង​ពង្រីក​ថែម​មួយ​រណ្តៅ​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ឲ្យ​គាត់​យល់ ហើយ​ចិញ្ចឹម​ដូច​គាត់​ដែរ៕
----------------------------------------------------------------------------------------------------------------------
អ្នកជំនាញ​កសិកម្ម បាននិងកំពុង​អនុវត្តន៍​គម្រោង​ចិញ្ចឹម​ត្រូវ ដោយបាន​រៀបចំ​អាង​ចិញ្ចឹម​ត្រូវ​គំរូ​ប្រមាណ ជាង​២០​អាង ដើម្បី​ដាក់តាំង​បង្ហាញ​។ អាង​ត្រី​បង្ហាញ​នេះ គឺ​រៀបចំឡើង​ដោយ​ក្រុមការងារ​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ចាប់អារម្មណ៍​ក្នុងការ​ចិញ្ចឹម​ត្រី ដើម្បី​រកប្រាក់​ចំណូល​ចូល​គ្រួសារ​។​

អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​រស់​នៅក្នុង​ភូមិ​ធម្មជាតិ​រុន​តា​ឯក គួរ​ចិញ្ចឹម​ត្រី​ក្នុង​អាង​ប្លា​ស្ទិ​ក​។ អ្វីដែល​ពិសេស​នោះ គឺ​ការចិញ្ចឹម​ត្រី​អណ្ដែង ដែលជា​ប្រភេទ​ត្រី​ងាយស្រួល​ចិញ្ចឹម និង​មាន​ទីផ្សារ​ល្អ​សម្រាប់​កសិករ​។​

​អាង​ប្លា​ស្ទិ​ក ដោយ​ចិញ្ចឹម​ត្រូវ​អណ្ដែង​ជាង​២០​អាង ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​អ្នកជំនាញ​កសិកម្ម ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ លោក កែវ ដូ​រ៉េ មន្ត្រី​កសិកម្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ត្រូវបានចាត់តាំង​ឲ្យ​មកជួយ​អភិវឌ្ឍន៍​ក្នុងភូមិ​អភិវឌ្ឍន៍​ខាងលើ បាន​ឲ្យ​ដឹងថា ការចិញ្ចឹម​ត្រី​អណ្ដែង គឺមាន​ភាពងាយស្រួល ហើយ​កសិករ​អាច​រក​ចំណី​បាន​ដោយ​ខ្លួន​។ ចំណី​របស់​ត្រី​អណ្ដែង​រួមមាន កាកសំណល់​ផ្ទះបាយ ចក កណ្តៀរ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ដូ​រ៉េ​។​

លោក ដូ​រ៉េ បន្ថែមទៀតថា ត្រី​អណ្ដែង​អាចដាក់​ក្នុង​ចិញ្ចឹម​ក្នុង​ដង់ស៊ីតេ​ខ្ពស់ ងាយស្រួល​ចិញ្ចឹម ហើយ​លូតលាស់​លឿន គឺ​ត្រឹម​រយៈពេល​៣​ទៅ​៤​ខែ​តែប៉ុណ្ណោះ គេ​អាច​ចាប់​លក់បាន​។ ក្នុងអំឡុងពេល​៣​ទៅ​៤​ខែ វា​អាចមាន​ទម្ងន់​ពី​២ ទៅ​៣​ខំ​ក្នុង​មួយ​ក្បាល ហើយ​អាច​លក់​ក្នុងតម្លៃ​ពី ៨​ពាន់​ទៅ​១​ម៉ឺន​រៀល​។ សម្រាប់​ទីផ្សារ​វិញ ក្រៅពី​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​ក្នុង​រុន​តា​ឯក លោក ដូ​រ៉េ បញ្ជាក់ថា ទីផ្សារ​ត្រី​អណ្ដែង ក៏បាន​ធ្លាយ​ដល់​ខាងក្រៅ​ភូមិ​ផងដែរ​។​

​វា​គ្រាន់តែ​ជាការ​ចិញ្ចឹម ក្នុង​អាង​បង្ហាញ​តែប៉ុណ្ណោះ​។ គោលដៅ​ពិត​របស់​អ្នកជំនាញ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ចាប់អារម្មណ៍​មក​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ ដើម្បី​រក​ចំណូល​បន្ថែម​។ លោក ដូ​រ៉េ បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ គួរ​ចិញ្ចឹម​ត្រី​អណ្ដែង ដែលជា​ប្រភេទ​ត្រី​ងាយស្រួល​ចិញ្ចឹម ហើយ​ពួកគេ​អាចមាន​ពេល​ច្រើន​សម្រាប់​ធ្វើការ​អ្វី​ផ្សេង​បាន​។ លោក ដូ​រ៉េ ពន្យល់ថា​៖« ក្នុង​មួយថ្ងៃ យើង​ដាក់​ចំណី​វា​នៅ​ម៉ោង ៧​ព្រឹក​ម្តង និង​ម៉ោង​៤​រសៀល​ម្តង​។ វា​ចំណាយ​តិច និង​អាច​ចំណេញ​បាន​ច្រើន​គួរសម​»​។​

​ចំពោះ​ដើមទុន​ក្នុងការ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​អាង​ប្លា​ស្ទិ​ក គឺ​គេ​ត្រូវ​ចំណាយ​ប្រមាណ ៥០​ម៉ឺន​រៀល លើ​ផ្ទៃ​អាង​ដែលមាន​ទំហំ ១០​ម៉ែត្រការ៉េ និង​អាចដាក់​កូន​ត្រី​បាន ៤៥០​ក្បាល​។ កសិករ​អាច​លក់បាន​ក្នុង​មួយ​អាង បាន​ពី​៨០​ន​ម៉ឺន​រៀល​ឡើងទៅ​។ យ៉ាងណា ការចិញ្ចឹម​ត្រី​តាម​លក្ខណៈ​បែបនេះ គឺ​តម្រូវ​ឲ្យ​មាន​ការដូរ​ទឹកជា​ប្រចាំ ក្នុងនោះ​លោក ដូ​រ៉េ ណែនាំ​ឲ្យ​កសិករ​គួរ​ចិញ្ចឹម​នៅ​កន្លែង​ដែល​នៅ​ជិត​ប្រព័ន្ធ​ទឹក ព្រោះ​ការដូរ​ទឹក អាច​ពី​១០ ទៅ​១៥​ថ្ងៃ​ម្តង​។​

No comments:

Post a Comment