ការស្វែងរក ប្រភពវត្ថុធាតុដើម មកផ្សំជាចំណីមាន់ទា គឺជារឿងមួយលំបាកជាងគេ ព្រោះតែប្រភពនៃគ្រឿងផ្សំមានពុំទៀងទាត់ ឯតម្លៃទៀតសោតក៏
ផ្លាស់ប្តូរជារឿយៗទៅតាមអត្រានៃការប្តូរប្រាក់ក្នុងទីផ្សារដែរ។ វត្ថុសំខាន់ជាងគេសម្រាប់ផ្សំជាចំណីមាន់ទាមានចំនួន៧មុខហើយវា ចាំបាច់ត្រូវតែមានសឹងមិនអាចខ្វះបាន បើសិនជាយើងចិញ្ចឹមមាន់ទាក្នុងទ្រង់ទ្រាយមួយធំបង្គួរ។ស្រូវ : យើងអាចកិន ( កិនបំបែក) ឲ្យវាបែកទៅជាម្សៅទាំងមូលតែម្តង នោះយើងនឹងបានទទួលទាំងកន្ទក់អង្កររួមគ្នា បើសិនជារូបមន្តផ្សំចំណីបង្គាប់ថាយើងត្រូវមានកន្ទក់ និង ចុងអង្ករតែអត្រាកន្ទក់នោះមានច្រើនជាងចុងអង្ករ ដូច្នេះដើម្បីឲ្យត្រឹមត្រូវតាមរូបមន្តផ្សំ យើងត្រូវមានចុងអង្ករផ្សេង កន្ទក់ផ្សេងយកមកផ្សំគ្នា ដើម្បីធ្វើដូច្នេះបាន យើងត្រូវមានម៉ាស៊ីនកិនស្រូវតូចមួយ កិនឲ្យចេញជាអង្ករដោយលៃធ្វើយ៉ាងណាឲ្យវាខ្ទេចបែកជាបីបួនកំណាត់ ឬលើសនេះ តែនៅមើលឃើញកំទេចអង្ករផ្នែកដែលនៅសល់ យកវាមកលាយនៅជាមួយស្រូវ រួចបញ្ចូលក្នុងម៉ាស៊ីនវៃវាឲ្យម៉ដ្ឋល្អ ដោយប្រើតម្រង ( កញ្ច្រែង ) មានរន្ធតូចៗ ដើម្បីឲ្យវាកើតជាកន្ទក់លេខមួយ ដោយការធ្វើរបៀបនេះយើងមិនសូវខាតច្រើនទេ ព្រោះគ្មានអ្វីត្រូវបោះចោលឡើយ។
ពោត : ពោត យើងអាចស្វែងរកទិញបាននៅ ផ្សារដើមគរ ផ្សារអូឬស្សីក្នុងតម្លៃប្រហែល 1600-2000 រៀល ក្នុងមួយគីឡូក្រាម (តម្លៃមានការប្រែប្រូល ) បើសិនជាកន្លែងចិញ្ចឹមសត្វយើងមានទីតាំងនៅក្រៅក្រុង យើងគួររកទិញតាមចំការពោតគេ វាមានតម្លៃត្រឹមតែ 1200-1300 រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះយើងកិនបំបែកវាឲ្យនៅសល់ត្រឹមទំហំប៉ុន ជើងធូប ឬធំជាង នោះបន្តិច ដើម្បីកុំឲ្យមានការខាតបង់ យើងគួរត្រាំពោតនោះក្នុងទឹកល្បាយអ៊ីអ៊ឹម ឲ្យបានចំនួន ១ម៉ោងសិន(សម្រាប់ប្រើក្នុង១ថ្ងៃ ) ដើម្បីកុំឲ្យវាហុយប៉ើងអស់ខ្លះពេលយើងកិនវា តែការធ្វើបែបនេះគឺសម្រាប់តែឲ្យសត្វស៊ីក្នុង១ថ្ងៃប៉ុណ្ណោះ កុំទុកដល់ថ្ងៃស្អែក បើយើងចង់ទុកវាដល់ស្អែក ត្រូវដាក់ហាលវាឲ្យស្ងួតល្អសិន។ ចុងអង្ករ ពោតក្រហម និងកន្ទក់ ជាប្រភពចំណីមួយយ៉ាងសំខាន់សម្រាប់ផ្តល់ប្រូតេអ៊ីនដល់ សេចក្តីត្រូវការរបស់សត្វ តែទាំងបីមុខខាងលើនេះ វាមិនគ្រប់គ្រាន់សម្រាប់សត្វទាំងទ្រុងឡើយ
យើងចាំបាច់ត្រូវមានវត្ថុបំប៉នបន្ថែមផ្សេងទៀត ដើម្បីជួយឲ្យការលូតលាស់របស់សត្វត្រឹមត្រូវតាមអាយុកាលរបស់វា។
ម្សៅត្រី : កាលពីច្រើនឆ្នាំមុន យើងអាចទិញត្រីល្អិតប្រភេទត្រីប្រហុកមកហាលទុកសម្រាប់លាយជាមួយ ចំណី តែសព្វថ្ងៃយើងមិនអាចរកទិញវាបានទៀតឡើយ ហើយក៏មានតម្លៃថ្លៃផង ដូច្នេះយើងមានវិធីតែមួយគត់ គឺត្រូវទិញម្សៅត្រី ដែលគេមានលក់ស្រាប់។ ក្នុងពេលនេះ ម្សៅត្រីវាមានតម្លៃប្រមាណ 4500 រៀល ក្នុងមួយគីឡូក្រាមយើងត្រូវការម្សៅត្រីដើម្បីឲ្យវាបង្គ្រប់បន្ថែម ផ្នែកប្រូតេអ៊ីនដល់មាន់។
យើងមិនអាចដាក់ចោលមិនផ្សំម្សៅត្រីចូលបានឡើយ ព្រោះស្ទើរគ្រប់រូបមន្តចំណីមាន់ទាសឹងបានតម្រូវឲ្យមានប្រូតេអ៊ីន ប្រភេទសាច់ គឺម្សៅត្រីនេះ វាត្រូវបានគេកំណត់ឲ្យលាយក្នុងអត្រាប្រហែលនៅ15-20 ភាគរយក្នុងចំណី 100 គីឡូក្រាម។
ម្សៅសំបកខ្យង ងាវ លៀស : វាផ្តល់កាល់ស្យូមបង្កើនការលូតឲ្យសំបកពងក្រាស់ មាន់សំបូរពង យើង អាចលាយវាក្នុងអត្រា 2 ទៅ 5 ភាគរយក្នុងចំណី 100 គីឡូក្រាម វាមានតម្លៃត តែ700 រៀលប៉ុណ្ណោះក្នុង១គីឡូ។
ម្សៅឆ្អឹង : យើងត្រូវការម្សៅឆ្អឹងដើម្បីបំពេញបន្ថែមសារជាតិរ៉ែផ្សេងៗ ឲ្យដល់សត្វ ក្នុងករណីខ្លះ គេប្រើម្សៅឈាម និងម្សៅស្លាបផងក៏មាន, ម្សៅឆ្អឹងមានតម្លៃថ្លៃគឺ 1kg ថ្លៃ 2 ដុល្លា(៨០០០រៀល) វាជាការចាំបាច់ណាស់ ដែលយើងត្រូវលាយម្សៅឆ្អឹងជាបន្ថែមគួរតែដាក់មិនគួរខានឡើយ ទោះរូបមន្តខ្លះមិនបានបញ្ជាក់ក៏ដោយ យើងអាចលាយវា 250 ក្រាមទៅចំណី100kg ។
ព្រីមិច : វាជាវីតាមីនបន្ថែម មានផលិតដោយក្រុមហ៊ុននៅវៀតណាមនិង មកពីប្រទេសថៃ សូមជ្រើសរើសយកព្រីមិចដែលល្អ កុំយកធុនអន់បើទិញមកប្រើសូមចំណាំតាមម៉ាកយីហោរបស់វាផង
ស្រួលសំរាប់ថ្ងៃក្រោយត្រូវការទិញវាមិនខុសគុណភាពគ្នា។ ពេលនេះ ព្រីមិចមានតម្លៃ 11000 រៀលក្នុង 1កញ្ចប់ទម្ងន់1kgផលិតដោយក្រុមហ៊ុនវៀតណាម ចំណែកព្រីមិចរបស់ថៃវិញមានតម្លៃប្រហាក់ប្រហែលគ្នាដែរ។
មួយមុខចុងក្រោយគេគឺ អំបិល : យើងអាចលាយវាក្នុងអត្រា 250 ក្រាមក្នុងចំណីសត្វ 100kg។ អំបិល 1kg តម្លៃប្រហែល 700 រៀល
អំបិលគ្រួស យកអំបិលខ្មៅទើបល្អ។
បើយើងអាច រកបានហើយផ្សំបាន គួរមានត្រកួន ឬ ស្មៅកិនឲ្យម៉ដ្ឋលាយ បន្ថែមជាមួយចំណី តែត្រូវត្រាំទឹក និង លាងវាឲ្យស្អាតសិន មុនយើងដាក់កិន។ ហេតុផលដែលយើងគួរដូរឲ្យវាស៊ីបន្លែខ្លះនេះ គឺដើម្បីសម្រួលដល់ប្រពន្ធ័រំលាយអាហារវា ក្នុងមួយសប្តាហ៍ឲ្យវាស៊ី ២ ទៅ ៣ ដង តែមិនត្រូវឲ្យស៊ីចំពោះមាន់ប្រភេទបីសាសន៍និង មាន់កសិកម្មឡើយ អាចប្រើបានចំពោះតែពូជន៍ក្នុងស្រុកតែប៉ុណ្ណោះ។
តារាងតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមាន់ទា
- ស្រូវ ១២០០៛ ក្នុង ១ គ.ក
- ពោតក្រហម ១៣០០ ៛ ក្នុង ១ គ.ក
- កន្ទក់ ៩០០ ៛ – ១១០០ ៛ ក្នុង ១គ.ក
- ម្សៅត្រង់ ៤៥០០ ៛ ក្នុង ១គ.ក
- ម្សៅឆ្អឹង ៨០០០ ៛ ក្នុង ១គ.ក
- ម្សៅសំបកខ្យង ៧០០ ៛ ក្នុង ១គ.ក
- ព្រីម៉ិច ១១០០០ ៛ ក្នុង ១គ.ក
- អំបិល ៧០០ ៛ ក្នុង ១គ.ក
- កាកសណ្តែកសៀង ៣៥០០ ៛ ក្នុង ១គ.ក
វត្ថុទាំងអស់ខាងលើ លើកលែងតែអំបិល អាចទិញបាននៅផ្ទះលក់ចំណីសត្វសញ្ញាផែនដី ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៣៨៤ ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ : ០២៣ ៩៩៣ ៣៧១ / ០១២ ៨០៣ ៣១៣ / ០១១ ៨៨១ ៨១៧
បើសិនជា លោកអ្នកនាងជាមិត្តអ្នកអាន មានស្គាល់ទីតាំងណា ដែលមានលក់វត្ថុផ្សំខាងលើនេះដែរ សូមជួយផ្តល់ពត៌មានមកយើងខ្ញុំ ដើម្បីចែកផ្សាយដល់អ្នកដែលត្រូវការ ដោយសូមបញ្ជាក់តម្លៃ និងទីកន្លែងសម្រាប់ទិញផង។
No comments:
Post a Comment