ម៉ាស៊ីនវ៉ៃចំណី

ម៉ាស៊ីនវ៉ៃចំណី

វ៉ៃចំណីគ្រប់

វ៉ៃចំណីគ្រប់

Wednesday, September 7, 2016

ការចិញ្ចឹមសត្វ-ជីវិតសត្វឃ្មុំ

 
អ្វី ​ដែល​យើង​គួរ​ដឹង​ជា​បឋម​មុន​ពេល​ចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គឺ ជីវិត​រស់នៅ​របស់​សត្វ​ឃ្មុំ ។ សកម្មភាព​របស់​សត្វ​ឃ្មុំ​ដែល​ប្រព្រឹត្តទៅ​ជា​ប្រចាំ​ថ្ងៃ​ទាំងអស់នេះ​គឺជា ​ភាព​ចាំបាច់​ណាស់​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឃ្មុំ បើ​យើង​មិន​បានដឹង​ពី​សត្វ​នេះ​និង​ជីវិត​ប្រចាំថ្ងៃ​របស់​វា​ទេ នោះ​ការចិញ្ចឹម​ឃ្មុំ​របស់​យើង​ក៏​ពុំ​សូវ​ទទួលបាន​ផល​ដែរ ។​
​​ឃ្មុំ​គឺជា​ សត្វ​ដែល​រស់នៅ​ជា​ហ្វូង អាច​មាន​ដល់​បី​ម៉ឺន​ទៅ​មួយ​លាន​ក្បាល​ឬ​អាច​ច្រើន​ជាង​នេះ សម្រាប់​ហ្វូង​ឃ្មុំ​ដែល​ធំ ។​ ​ ​ទោះបីជា​យើង​មិន​អាច​យល់​បាន​ទាំងស្រុង​នៃ​សកម្មភាព​របស់​វា​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​យល់​បាន​ថា​វា​បាន​ធ្វើ​អ្វីខ្លះ​ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​
១- ពួក​ឃ្មុំ​សកម្ម : (​ពួក​អ្នក​ធ្វើការ​)
​ ភាគច្រើន​នៃ​ឃ្មុំ​ក្នុង​សំបុក​គឺ​ពួក​អ្នក​សកម្ម (អ្នកធ្វើការ​) ពួក​អ្នក​ធ្វើការ​ទាំង​នេះ អាច​មាន​ចំនួន​ជាច្រើន​សែន​ក្បាល ពួក​វា​ធ្វើការ​ដោយ​ពុំ​គិត​ពី​តម្លៃ​របស់​ខ្លួន​វា​ឡើយ គឺ​អ្វីៗ​ដែល​ពួក​វា​ធ្វើ​គឺ​ដើម្បី​តែ​ក្រុម​ហ្វូង​នៃ​សង្គម​របស់​វា​ តែប៉ុណ្ណោះ ។ គ្រប់​ឃ្មុំ​នៅក្នុង​សំបុក​ធ្វើ​អ្វីៗ​ដើម្បី​គ្នា​ទៅវិញទៅមក អាចនិយាយបាន​ថា ពួក​វា​គឺជា​ម៉ាស៊ីន​មានជីវិត​ក៏​ថា​បាន ពីព្រោះ​ឃ្មុំ​និមួយៗ​មាន​កិច្ចការ​ត្រូវធ្វើ​រហូត​ដល់​វា​ងាប់ ។​
​​ពួក​ឃ្មុំ​ ធ្វើការ​ទាំង​នេះ មាន​កិច្ច​ការ​ធ្វើ​ទៅ​តាម​អាយុ​របស់​ពួក​វា ។ ពពួក​ដែល​ទើប​ញាស់​ថ្មី (​ទើប​ពេញ​រូបរាង​) ត្រូវ​ធ្វើការ​នៅ​ក្នុង​សំបុក​ដូចជា ផ្តល់​ចំណី​និង​ថែរក្សា​កូន​ឃ្មុំ​តូចៗ មើលថែរក្សា​ពង ទទួលយក​លំអងផ្កា និង​ទឹកដម​ផ្កា​មក​ថែរក្សា​ទុក ពី​ពួក​ឃ្មុំ​ដែល​ចេញ​ស្វែងរក​ចំណី​នៅក្រៅ​សំបុក ។ ក្រៅ​ពី​កិច្ចការ​ទាំងនេះ ពួក​វា​នៅ​មាន​កិច្ចការ​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​គឺ សំអាត​សំបុក​និង​មើល​ការ​ខុស​ត្រូវ​ជា​ទូទៅ​នៃ​សំបុក ។
សូមបញ្ជាក់ : ពួក​វា​ធ្វើ​កិច្ចការ​ទាំងនេះ​ក្នុង​ទី​ងងឹតសូន្យ​, ក្នុង​ពេល​យប់​ឬ​ថ្ងៃ ប៉ុន្តែ​គ្មាន​ពន្លឺ​ចូល​ដល់​ខាង​ក្នុងនៃ​សំបុក​ឡើយ ។​
​​នៅ​ពេល​ពួក​ ឃ្មុំ​ជំទង់ៗ​ទាំង​នេះ​កាន់តែ​មាន​អាយុ​ច្រើន ពួកគេ​នឹង​លែង​ធ្វើការ​នៅ​ផ្នែក​ខាងក្នុង​សំបុក​ហើយ គឺ​ពួកគេ​នឹង​ចេញ​មក​ធ្វើការ​នៅ​ផ្នែក​មាត់​ច្រកចូល​សំបុក​វិញ ។ ពពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ​នៅតែ​បំពេញការងារ​ដូចពេលមុន​ដដែល​គឺ ទទួលយក​ទឹកដម​និង​លំអងផ្កា​ពី​ពពួក​ឃ្មុំ​ដែល​បាន​ចេញស្វែង រក​ពី​ខាងក្រៅ ។ ក្រៅពី​នេះ​ពួកវា​ត្រូវ​យាម​ការពារ​សំបុក និង​លៃ​ធ្វើយ៉ាងណា​ឲ្យមាន​ខ្យល់​ចេញ​ចូល​ក្នុង​សំបុក​បាន ។ នៅពេល​អាយុ​របស់​វា​ចូល​ដល់​សប្តាហ៍​ទី ៣ ពួកវា​នឹង​ចាប់ផ្តើម​រៀន​ហើរ​ក្រឡឹង​ជុំវិញ​សំបុក ដើម្បី​ពង្រឹង​ស្លាប​របស់​វា រួម​ទាំង​រៀន​សំគាល់​ពី​ទីតាំង​របស់​សំបុក​ដែល​ពួក​វា​រស់នៅ ។ បន្ទាប់​ពី​ស្គាល់​ទីតាំង​របស់​សំបុក​ច្បាស់លាស់​ហើយ ពួកវា​នឹង​ហើរ​ចេញ​ក្រៅ​សំបុក​ដើម្បី​ទៅ​ក្រេប​ទឹកដម​ផ្កា​និង​លំអងផ្កា​នៅ​ ទី​ឆ្ងាយៗ​រហូត​ដល់​រាប់គីឡូម៉ែត្រ​ពី​សំបុក​ដែល​ពួក​វា​រស់នៅ វា​ហើរស្វែង រក​ផ្កាឈើ​គ្រប់យ៉ាង​ទោះ​នៅទីណា​ក៏​ដោយ​ឲ្យតែ​ពួក​វា​អាច​រកបាន ។​ពួក​វា​ធ្វើ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃៗ​ពួក​វា​ហើរ​ចុះ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​រហូតដល់​រាប់ពាន់​ ផ្កា​ក្នុង​ថ្ងៃ​តែមួយ ។ គឺ​ពពួក​ឃ្មុំនេះ ហើយ​ដែល​បាន​ជួយ​ធ្វើឲ្យ​ដំណាំ​គ្រប់​យ៉ាង​មាន​ផ្លែផ្កា​ សម្រាប់​ចិញ្ចឹម​ដល់​មនុស្ស​យើង ។​
​​ក្នុង​ រយៈពេល​ពីរ​សប្តាហ៍​នៃ​ជីវិតចុងក្រោយ​របស់​វា វា​បាន​ហើរ​ស្វែងរក​លំអងផ្កា​និង​ទឹកដម​ផ្កា​រហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់​ពី​ការ​ហើរ​អស់​រយៈពេល​ប៉ុណ្ណឹង ស្លាប​របស់​វា​នឹង​សឹក​រិច​រិល​លែង​អាច​ហើរ​ឆ្ងាយ​បាន​ទៀត ។ វា​នឹង​ហើរ​ចេញពី​សំបុក​នេះ​ក៏​ព្រោះតែ​វា​លែង​មាន​តម្លៃ​សម្រាប់​ហ្វូង​ របស់​វា​នឹង​សំបុក​របស់​វា​ទៀត បន្តិច​ក្រោយមក​វា​ក៏​ស្លាប់ទៅ នេះ​គឺជា​ជីវិត​របស់​សត្វ​ឃ្មុំ ។​
២- មេ​ឃ្មុំ​ញី : (​គេ​ហៅ​ឃ្មុំ​ញី​ថា​ជា​ស្តេច​ឃ្មុំ​ញី​)​ ​
​​ឃ្មុំ​ញី​ មាន​រូបរាង​ខុសពី​ឃ្មុំ​ទាំងពួង​នៅក្នុង​សំបុក វា​មាន​មាឌ​ធំជាងគេ ខ្លួន​វែង​ជាងគេ និង​គ្មាន ​សម្បុរណ៍​ខ្មៅ​នៅ​ខាងចុង​គូថ​របស់​វា​ឡើយ ។​ ​ ​ឃ្មុំ​ញី​គឺជា​ម៉ាស៊ីន​បង្កើតកូន​យ៉ាង​អស្ចារ្យ ។ ឃ្មុំ​ញី​ត្រូវបាន​ជ្រើសរើស​តាំង​តែ​ពី​ទើប​នៅ​ជា​ពង ឬ​នៅ​ជា​កូន​ដង្កូវ​តូច​នៅឡើយ ។
​ ពពួក​ឃ្មុំ​ដែល​រក្សា​សំបុក​បាន​ធ្វើ​ការសង្កេត​ទៅលើ​ពង​និង​ទៅលើ​កូន​ឃ្មុំ ​មួយចំនួន ដើម្បី​ជ្រើសរើស​ថា​តើ​ពង​ឬ​កូន​ឃ្មុំ​មួយ​ណា​ដែល​នឹង​ត្រូវ​បំប៉ន​អាហារ​ ពិសេស​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឃ្មុំ​ញី​សំរាប់​បន្ត​ពូជ​បន្ត ។ ការជ្រើសរើស​រក​ឃ្មុំ​ញី​ថ្មី គឺ​ដោយសា​កត្តា​មួយចំនួន​ដូចជា ឃ្មុំ​ញី​បច្ចុប្បន្ន​ងាប់​ដោយ​ប្រការ​ណាមួយ មិន​មាន​សមត្ថភាព​ផលិត​ពង​បាន​ច្រើន ឬ​ហ្វូង​ឃ្មុំ​ទាំងនេះ​នឹង​បំបែក​ខ្លួន​ទៅ​បង្កើត​សំបុក មួយ​ថ្មី​ទៀត អាច​ថា​បណ្តាលមកពី​កត្តា​ផ្សេងៗ​ទៀត​ក៏សឹងមាន ។​
​​យើង​អាច​ សំគាល់ថា​ជា​ឃ្មុំ​ញី​បាន​ដោយ​រូបរាង​របស់​វា រូបរាង​របស់​ឃ្មុំ​ញី​គឺ មាន​ពណ៌​សម្បុរ​ភ្លាវ​ជាង​ឃ្មុំ​ធម្មតា ពណ៌​បង្កង់​ឆ្នូត​នៅលើ​ពោះ​របស់​វា​មើល​ពុំ​សូវ​ឃើញច្បាស់ កន្លែង​សម្គាល់​មួយទៀត​នោះ​គឺ នៅ​លើ​ផ្នែក​ក្បាល​របស់​វា​មាន​ទី​ទំពែក​មួយ​ត្រង់​ពីក្រោយ​ក្បាល ។​
​​ត្រង់​ទី​ឆក ​ទំពែក​នេះ​គឺជា​កន្លែង​តែ​មួយ​ដែល​ជើង​ទាំង​ប្រាំមួយ និង​ស្លាប​បួន​របស់​វា​ដុះ​ចេញមក ។ អ្នក​ចិញ្ចឹម​ឃ្មុំ​ភាគច្រើន (​ស្ទើរតែ​ទាំងអស់​) បាន​ចុច​ដៅ​ពណ៌​សំគាល់​ឃ្មុំ​ញី​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ គេ​អាច​ប្រើ​ទឹក​ថ្នាំលាបក្រចក​ចុច​សំគាល់​ត្រង់​កន្លែង​ឆក​ទំពែក​នោះ ធ្វើ​ដូច្នេះ​គេ​អាច​ដឹងថា​តើ​ឃ្មុំ​ញី​នេះ​មាន​សកម្មភាព​បែប​ណា​, វា​ស្លាប់​ត្រូវ​ជំនួស​ដោយ​មេ​ញី​ថ្មី ឬ​វា​អាច​រស់នៅ​រហូត​ដល់​ទី​បំផុត ។ ការ​គូស​ចុច​ពណ៌​សំគាល់​នេះ​ក៏​ជា​ទង្វើ​មួយ​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ​ដែរ ពីព្រោះ​គេ​អាច​ដឹងថា​រយៈពេល​យូរ​ប៉ុន្មាន​ទៅ​ដែល​ឃ្មុំ​ញី​នេះ​អាច​រស់នៅ​ បាន ។ គេ​តែង​កត់ត្រា​ទុក​ពណ៌​របស់​វា ថ្ងៃ​វា​ចាប់ផ្តើម​សកម្មភាព ដោយ​គណនា​តាម​លេខ​កូដ​ពី​សំបុ​កមួយ​ទៅ​សំបុក​មួយទៀត បានន័យថា​ឃ្មុំ​ញី​នីមួយៗ​មាន​លេខ​សំគាល់​របស់​វា​ទៅ​តាម​ពណ៌ ដោយ​មាន​សរសេរ​ចុះ​ថ្ងៃ ខែ យ៉ាង​ច្បាស់លាស់ ។​
​​ឃ្មុំ​ញី​ ជាធម្មតា​ត្រូវបាន​គេ​ផ្តល់​ឲ្យ​វា​នូវ​អាហារ​ពិសេស​ម្យ៉ាង​ហៅថា ហ្គេ្ល​ន​ដូល្លារ ឬ រ៉ូយ៉ាល់​ចែ​ល្លី (Glandular or Royal Jelly) តាំងតែ​ពី​នៅ​ជា​ពង​ឬ​កូន​ឃ្មុំ (​រូប​ជា​ដង្កូវ​) រន្ធ​របស់​ឃ្មុំ​ញី​ត្រូវបាន​បិទ​ការពារ​ដោយ​ពពួក​ឃ្មុំ​ធ្វើការ និង​ត្រូវបាន​ការពារ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​រហូតដល់ ១៦ ថ្ងៃ​ក្រោយមក​ទើប​ឃ្មុំ​ញី​នេះ​ទម្លុះ​មាត់​រន្ធ​ចេញមក​ខាងក្រៅ ហើយ​ក្លាយទៅជា​ស្តេច​ឃ្មុំ​ញី​ដោយ​ស្វ័យប្រវត្តិ ។ បន្ទាប់ពី​បាន​ចេញ​ពី​រន្ធ​មក​រួចហើយ ឃ្មុំ​ញី​នេះ​ពេញ​រូបរាង​អាច​មាន​សមត្ថភាព​ដោយ​គ្នា (​បង្កាត់​ពូជ​) បាន​ក្នុង​រវាង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ ។​
​ បី​ថ្ងៃ​បន្ទាប់ពី​ចេញពី​រន្ធ​មក​ឃ្មុំ​ញី​នេះ​នឹង​ហើរ​ចេញពី​សំបុក​ដោយមាន​ ណាត់គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ចំនួន​ប្រហែល​ពី ១០ ទៅ ១២ ក្បាល (​ឃ្មុំ​ឈ្មោល​នេះ​ភាសា​អង់គ្លេស​ហៅថា ដ្រូ​ន (DRONE) វា​បង្កាត់​គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ទាំង​ចំនួន ១០ ឬ ១២ ក្បាល​នេះ​រួចរាល់​នៅ​ក្នុង​ផ្ទៃ​លំហរ​រួច​ទើប​ហើរ​ចូល​សំបុក​វិញ (​សូមបញ្ជាក់​ថា​វា​បង្កាត់​គ្នា​គឺ​ក្នុងពេល​កំពុង​តែ​ហើរ​នេះ​តែម្តង​) ។​
​​តែ​គួរ​ អនិច្ចា​ចំពោះ​ឃ្មុំ​ឈ្មោល​ទាំងនោះ បន្ទាប់ពី​បាន​បង្កាត់​រួច​នោះ​ប្រដាប់​បន្ត​ពូជ​របស់​វា​នឹង​ត្រូវ​បណ្តាច់ ​ចេញពី​ខ្លួន​របស់​វា បន្ទាប់​មក​វា​ក៏​ស្លាប់​ភ្លាម​ដែរ ។ ប្រដាប់បន្តពូជ​នោះ​មាន​ផ្ទុក​ទៅ​ដោយ​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​សំរាប់​ការ ​បន្ត​ពូជ ។ ឃ្មុំ​ឈ្មោល​ដែល​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​នេះ​ជា​បន្ត​នឹង​ជួយ​រុញ​ ប្រដាប់​ពូជ​របស់​ឃ្មុំ​ឈ្មោល​មុន​ឲ្យចូល​ជ្រៅ​ទៅក្នុង​ថែម​ទៀត ហើយ​ការ​នេះ​ចេះ​បន្ត​រហូត​គ្រប់​ចំនួន​ឃ្មុំ​ឈ្មោល​ទាំងអស់​ដែល​ឃ្មុំ​ញី​ បាន​ណាត់​ចេញ​ឲ្យទៅ​បង្កាត់​ពូជ ។​
​ ឃ្មុំ​ញី​មាន​កន្សោម​បន្ត​ពូជ​យ៉ាង​ពិសេស​ម្យ៉ាង​ អាច​រក្សា​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​បាន​ជាច្រើន​ឆ្នាំ​ទៅ​មុខ​រហូត​ដល់​ ប្រាំ​ឆ្នាំ ឃ្មុំ​ញី​នេះ​ទៀតសោត​អាចបង្កើត​ពង​បាន​ចំនួន​ពី ១៥០០ ទៅ ២៥០០ ពង​ក្នុង​១ ថ្ងៃ រហូត​ដល់​រយៈពេល ៥ ឆ្នាំ​ដែរ ។​
​ រាល់ពេល​ដែល​ឃ្មុំ​ញី​រំកិល​ខ្លួន​ពី​ទី​មួយ​ទៅ​ទីមួយ​តែងតែ​មាន​ពពួក​ឃ្មុំ ​មួយក្រុម​ហៅថា​អង្គរក្ស (អាមាត្យ​) នៅ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ឃ្មុំ​ញី​នេះ​ជា​និច្ច​ដើម្បី​ការពារ​ផ្តល់​ចំណី​និង​ ជួយ​រាល់​កិច្ចការ​របស់​ឃ្មុំ​ញី​នោះ មិន​តែ​ប៉ុណ្ណោះ​គឺ​ក្រុម​ឃ្មុំ​អាមាត្យ (​ជំនួយការ​ពិសេស​) ទាំងនេះ​មាន​ភារៈ​មួយទៀត​គឺ​ជួយ​បង្ហើរ​ក្លិន​របស់​ឃ្មុំ​ញី​ទៅកាន់​គ្រប់​ ទីកន្លែង​នៃ​សំបុក​ទាំងមូល ដើម្បី​ឲ្យ​ឃ្មុំឯ​ទៀត​បាន​ស្គាល់​និង​បើកផ្លូវ​ឲ្យ​ឃ្មុំ​ញី​នេះ​ ផ្លាស់ប្តូ​ទីកន្លែង​បាន​ស្រួល ។ ពួក​ឃ្មុំ​ជំនួយការ​ពិសេស​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​នូវ​កិច្ចការ​របស់​ឃ្មុំ ​ញី​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​នៅ​បាន​បបោសអង្អែល​ថ្នាក់ថ្នម​ឃ្មុំ​ញី​នេះ ។ មាន​ពពួក​ឃ្មុំ​ធ្វើការ​មួយចំនួន​តែង​មាន​ប្រាថ្នា​បាន​ប៉ះពាល់​ឃ្មុំ​ញី​ នេះ និង​ជួយ​ឃ្មុំ​ញី​ជា​បន្ថែម​ថែមទៀត ដើម្បី​ឲ្យ​ការផលិត​ពង​របស់​ឃ្មុំ​ញី​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​គ្មាន​បញ្ហា ។​
៣- ឃ្មុំ​ឈ្មោល​
​​ក្នុង​សំបុក ​ឃ្មុំ​មួយ​មាន​ឃ្មុំ​ឈ្មោល​ត្រឹមតែ​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ។ ពពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំមាន​ប្រយោជន៍​អ្វី​សំខាន់​ចំពោះ​ហ្វូង​ឃ្មុំ​ ឡើយ ពួក​វា​គ្មាន​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​រង់ចាំ​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​ក្នុងករណី​ដែល​ឃ្មុំ​ញី​ថ្មី​ ត្រូវបាន​បង្កើតឡើង​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ។ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំ​មាន​ទ្រនិច​សំរាប់​ទិច​ទេ ហើយ​រូប​កាយ​របស់​ពួកវា​ក៏​ពុំ​ស្អាត​គ្មាន​អនាម័យ​ល្អ ដោយ​ពួក​វា​ដើរ​ចុះ​ឡើង​ក្នុង​សំបុក​ជាមួយ​លាមក​ជាប់​ខ្លួន ពពួក​ឃ្មុំ​ធ្វើការ​រក្សា​សំបុក​តែងតែ​ជួយ​សំអាត​តាម​ក្រោយ​ពួក​ឃ្មុំ​ឈ្មោល ​ទាំងនោះ និង​ធានា​ឲ្យបាន​ថា​សំបុក​ឃ្មុំ​ទាំងមូល​គ្មាន​មេរោគ​ឬអ្វី​អាក្រក់​កើតឡើង​ បានឡើយ ។​
​ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​មាន​រូបរាង​ធំ​ជាង​ពួក​ ឃ្មុំ​ដែលជា​អ្នក​ធ្វើការ​រហូត​ពីរ​ដង​មាន​រូប​កាយ​ធាត់​ទ្រលុក មាន​ដុះ​រោម​តាម​ខ្លួន ។ មាន​រឿង​ចម្លែក​មួយ​ដែល​តែងតែ​កើតឡើង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​គឺ​ពួក​ឃ្មុំ​ ធ្វើកា​រតែង​សម្លឹង​រកមើល​ឃ្មុំ​ឈ្មោល​ណាមួយ​ដែល​ធាត់​ធំ​ជាង​គេ​រួច​ នាំគ្នា​ខាំ​ពាំ​ឃ្មុំ​ឈ្មោល​នោះ​ទំលាក់ចោល​ទៅ​ដី ទោះបី​ឃ្មុំ​ឈ្មោល​នោះ​ព្យាយាម​ហើរ​ត្រឡប់មក​ចូល​ក្នុង​សំបុក​វិញ​ យ៉ាងណាក៏ដោយ ក៏​ពុំ​អាច​ចូល​វិញ​បាន​ដែរ វា​នឹង​ត្រូវ​រារាំង​ដោយ​ពពួក​ឃ្មុំ​ការពារ​សំបុក​ទប់ស្កាត់​មិន​ឲ្យ​វា​ចូល ​មក​វិញ​បាន​ឡើយ ។ បន្ទាប់​ពី​ព្យាយាម​ចូលមក​ក្នុង​សំបុក​វិញ​មិន​បាន​ឃ្មុំ​ឈ្មោល​នេះ​នឹង​ហើរ ​ចេញទៅ​រក​សំបុក​ណា​ផ្សេង​រួច​រក​ណាត់​ជួប​ជាមួយ​ឃ្មុំ​ញី​ដើម្បី​បង្កាត់​ ពូជ ។​
​​ឃ្មុំ​ឈ្មោល ​អាច​រស់នៅ​មានជីវិត​បាន​ចំនួន​មួយ​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ពពួក​ឃ្មុំ​ធ្វើការ​មាន​អាយុ​ត្រឹម ៥ សប្តាហ៍ បន្ទាប់​មក​វា​នឹង​ត្រូវ​ស្លាប់ ។​
​​ឥឡូវនេះ​យើង ​បានដឹង​ពី​សង្គម​ជីវិត​របស់​ហ្វូង​សត្វ​ឃ្មុំ​ហើយ បញ្ហា​សំខាន់​ជាងគេ​បំផុត​សម្រាប់ឲ្យ​ការចិញ្ចឹ​មបាន​ទទួលជោគជ័យ​ល្អ​គឺ​ ការសង្កត​តាមដានស​កម្ម​ភាព​រប​ស់ព​ពួក​ឃ្មុំ​ញី ទាំង​សកម្មភាព​នៅក្នុង​និង​ក្រៅ​សំបុក​របស់​វា (​សំបុក​យើង​ធ្វើ​មិន​មែន​សំបុក​ឃ្មុំ​វា​ធ្វើ​ទេ​) ប្រការ​ដែល​យើង​បានដឹង​ពី​សកម្មភាព​របស់​វា​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ យល់ច្បាស់​ពី​សង្គម​របស់​វា​និង​វិធី​រក្សា​វា សម្រាប់​បន្ត​ពូជ​ទៅមុខទៀត ។​
​​គេ​បាន​ រកឃើញ​ទឹកឃ្មុំ​ដែល​ដក់​នៅក្នុង​គុជ​ទឹក ហើយ​ត្រូវបាន​គេ​សន្មត់​ថា​វា​មាន​អាយុកាល​ប្រមាណ​ជា ៤៥ លាន​ឆ្នាំ​មកហើយ តាម​ការរកឃើញ​នេះ គេ​អាច​ស្មាន​ដឹងថា ឃ្មុំ​អាច​កើត​មាន​តាំងតែ​ពី ២០០ លាន​ឆ្នាំមុន​ម្ល៉េះ ដូចនេះ​ហ្វូង​ឃ្មុំ​បាន​ជួយ​ឲ្យ​រុក្ខជាតិ​ទាំងឡាយនា​គ្រានោះ​មាន​ផ្លែផ្លា​ ហើយ​បន្ត​ធ្វើ​ការងារ​នេះ​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​ទៀត ពួក​វា​គឺជា​អ្នក​ជួយ​ឲ្យ​យើងទាំងអស់គ្នា​រស់រាន​មាន​ជី​វិបាន នោះ​ក៏​ព្រោះតែ​ចំការ​ច្បារ​ដំណាំ ស្រូវ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​ឲ្យ​ផល​ដល់​យើង​ដែល​កើតឡើង​ពី​សកម្មភាព​របស់​ ឃ្មុំ​នេះឯង ។​
​ ដូចនេះ​ការជួយ​ចិញ្ចឹម​ឃ្មុំ​គឺជា​វិធី​មួយ​ជួយ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ វិស័យ​កសិកម្ម ជួយ​បង្កើន​ទិន្នផល ជួយ​បង្កើន​ចំណូល​ដល់​កសិករ និង​ជួយ​រួមចំណែក​ឲ្យ​មនុស្ស​យើង​រស់​បាន​រហូត​មក​ដល់ពេលនេះ បើសិនជា​គ្មាន​ពួក​វា​ទេ​ម្ល៉េះ​សម​យើង​ក៏​នឹង​ពុំ​មាន​ជីវិត​បាន​ដែរ ពីព្រោះ​តែ​ដំណាំ​មិន​អាច​បញ្ចេញ​ផ្លែផ្កា​បាន​គ្រប់គ្រាន់​តាម​ សេចក្តីត្រូវការ ។​
​ ​សូម​ឲ្យ​គ្រប់​គ្នា​ចាត់ទុក​ឃ្មុំ​ថា​ជា​អាហារ​របស់​យើង​, ចំនួន​ឃ្មុំ​ច្រើន​កាលណា​ភោគផល​របស់​យើង​ដូច​ជា​ដំណាំ​និង​ឲ្យ​ផល​ច្រើនឡើង​ ថែម​ទៀត​ដែរ ហេតុ​នេះ​សូម​នាំគ្នា​ជួយ​ចិញ្ចឹម​ឃ្មុំ​ឲ្យបាន​ច្រើនឡើង ដើម្បី​ជា​ប្រយោជន៍​នៃ​យើងទាំងអស់គ្នា ៕




No comments:

Post a Comment