ឃ្មុំ គឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំ ក្រៅពីឃ្មុំគឺនៅមានសត្វល្អិតម្យ៉ាងទៀតដែលផលិតទឹកឃ្មុំដែរ ហើយខ្មែរយើងនិយមហៅថា? ពង្រួត? វាមានរូបរាងតូចជាងឃ្មុំច្រើន ហើយវាច្រើនយករន្ធឈើប្រហោងធំៗធ្វើជាសំបុករបស់វា ខុសពីសត្វឃ្មុំដែលកកើតសំបុកតាមមែកឈើ ឬតាមអាគារលំនៅដ្ឋាន ។
នៅក្នុងប្រទេសជឿនលឿនមួយចំនួនគេបានចិញ្ចឹមឃ្មុំជារបៀបមួយប្លែកពី ធម្មតា គឺធ្វើនៅប្រអប់ឡាំង ក្រដាស ឬឈើសម្រាប់ឲ្យឃ្មុំកកើតជាសំបុករបស់វា ។ ក្រៅពីនេះ នៅតាមចំការមួយចំនួនម្ចាស់ចំការបានចិញ្ចឹមឃ្មុំនៅក្នុងចំការរបស់ ខ្លួនដើម្បីទាញយកផលប្រយោជន៍ ២ យ៉ាងគឺ :
- ទីមួយ : ឲ្យឃ្មុំជួយបង្កាត់លំអងញីឈ្មោលរបស់ដំណាំដើម្បីឲ្យវាមានផ្លែផ្កាច្រើន
- ទីពីរ : គេបានទទួលទឹកឃ្មុំពីឃ្មុំដែលគេបានចិញ្ចឹមនោះ
ក្រៅពី ប្រយោជន៍ទាំងពីរខាងលើនេះ ឃ្មុំអាចនៅជួយកាត់បន្ថយបាននូវការយាយីពីសំណាក់សត្វល្អិតផ្សេងៗ ទៀតពេលដំណាំចេញផ្កា ប៉ុន្តែប្រការនេះមិនទាន់មានការអះអាងណាមួយឲ្យបានជាក់លាក់នៅឡើយទេ ។
ដោយហេតុថា តម្លៃទឹកឃ្មុំនៅលើទីផ្សារមានតម្លៃថ្លៃ ដូចនេះហើយទើបមានមនុស្សជាច្រើនមានបំណងស្វែងយល់ពីវិធីចិញ្ចឹមឃ្មុំ ប៉ុន្តែនៅពុំទាន់មានឯកសារ ឬសៀវភៅណាមួយនិយាយពីវិធីចិញ្ចឹមឃ្មុំនេះនៅឡើយទេ ហេតុនេះអត្ថបទមេរៀនស្តីពីការចិញ្ចឹមឃ្មុំនេះ អាចជាជំនួយស្មារតីមួយសំរាប់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំ ។
១- ទីតាំង
ដើម្បីឲ្យ ការចិញ្ចឹមឃ្មុំ អាចប្រព្រឹត្តទៅបានល្អយើងត្រូវមានទីតាំងមួយសមស្រប ឆ្ងាយពីភូមិឋាន អាចជាដីចំការ ដីទំនេរទុកចោលដែលមិនមានការរំខានពីមនុស្សម្នាផ្សេងៗ ។ នៅលើទីតាំងដីនេះ បើសិនជាយើងអាចដាំបន្ថែមនូវដើមឈើមួយចំនួនដែលសម្បូរណ៍ផ្កា ដូចជា លឿងរាជ្យ អង្កាញ់ អូយម៉ូយ ឬដើមឈើណាដែលមានផ្កាច្រើន ពីព្រោះផ្កាឈើទាំងនោះគឺជាការទាក់ទាញមួយ ហើយក៏ជាអ្វីដែលឃ្មុំត្រូវការផងដែរ ។
ទីតាំងដី សំរាប់ចិញ្ចឹមឃ្មុំនោះ ពុំចាំបាច់មានទំហំធំពេកទេ ប៉ុន្តែបើសិនជាមានទំហំធំក៏ជាការប្រសើរដែរ ។ ទំហំដីដែលយើងត្រូវការគឺអាចអាស្រ័យទៅលើចំនួនសំបុកឃ្មុំ ដែលត្រូវចិញ្ចឹមនិងការដែលយើងអាចគ្រប់គ្រងវាបាន ។ ក្នុងករណីខ្លះ ការជ្រើសរើសទីតាំងបានល្អដូចជា នៅក្បែរព្រៃ និងក្បែរចំការធំៗ អាចជួយបង្កើនប្រសិទ្ធភាពដល់ការចិញ្ចឹមឃ្មុំ ឲ្យដំណើរការទៅបានល្អប្រសើរដែរ ។
២- ពូជឃ្មុំសម្រាប់យកមកចិញ្ចឹម
ឃ្មុំមាន ច្រើនពូជ គឺឃ្មុំធំជាប្រភេទឃ្មុំដែលស្ថិតនៅក្នុងព្រៃធំៗ ឃ្មុំមួយពួកទៀតដែលមានមាឌតូចជាងបន្តិចក្រៅពីនេះគេឃើញមានឃ្មុំ មួយប្រភេទទៀតដែលយើងនិយមហៅថាឃ្មុំអាចម៍ឆ្កែ វាច្រើនមានទំហំតូចៗ គេច្រើនឃើញឃ្មុំប្រភេទនេះនៅតាមព្រៃរបោះ គុម្ពត្រែង ឬតាមទីវាលទំនាបលិចទឹកនានា ។
ប្រភេទ ឃ្មុំដែលយើងអាចយកមកចិញ្ចឹម គឺជាពពួកឃ្មុំដែលមានសំបុកខ្នាតមធ្យម ដែលឧស្សាហ៍បានឃើញនៅតាមដើមឈើ ឬចំការពីព្រោះឃ្មុំប្រភេទនេះវាមិនសូវបង្កគ្រោះថ្នាក់ដល់យើង, មានការងាយស្រួលក្នុងការគ្រប់គ្រង ម្យ៉ាងទៀតយើងងាយស្រួលរកពូជផង ។
៣- ប្រភេទប្រអប់សម្រាប់ចិញ្ចឹម
ប្រអប់ សំរាប់ធ្វើជាសំបុកឲ្យឃ្មុំស្នាក់នៅគេច្រើនធ្វើពីឈើ ឬដែកបន្ទះសង្ក័សីជាសំបកខាងក្រៅ ប៉ុន្តែសម្រាប់ប្រទេសយើង, យើងមិនអាចធ្វើពីសង្ក័សីបានទេ ពីព្រោះប្រទេសយើងក្តៅ ។
៤- ចំណីរបស់ឃ្មុំ
យើងពុំ ចាំបាច់ត្រូវដាក់ចំណីឲ្យវាស៊ីដូចជាការចិញ្ចឹមជ្រូក មាន់ ទានោះឡើយ អ្វីដែលយើងត្រូវការចាំបាច់នោះគឺ កូនអាងទឹកមួយមានទឹកស្អាត សម្រាប់ឲ្យឃ្មុំផឹក និងចានទឹកស្ករ មួយចំនួនសំរាប់ទាក់ទាញកុំឲ្យឃ្មុំនោះ បោះបង់សំបុកចោលទៅរកកន្លែងថ្មីទៀត ។
៥- ការថែរក្សាឃ្មុំ និងការត្រួតពិនិត្យ
សំបុកឃ្មុំ ទាំងអស់ត្រូវមានការត្រួតពិនិត្យជាប់ជាប្រចាំ យ៉ាងហោចណាស់ឲ្យបានចំនួន ៣ ដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឲ្យដឹងពីស្ថានភាពរបស់ឃ្មុំនោះវាមានសកម្មភាពយ៉ាងណា ។
៦- សម្ភារៈត្រូវការចាំបាច់សម្រាប់ការចិញ្ចឹមឃ្មុំ
ក្នុងករណី ដែលយើងត្រូវធ្វើវាជារបៀបអាជីវកម្ម យើងប្រហែលជាត្រូវទាមទារឲ្យមានសំលៀក បំពាក់សំរាប់ការពារខ្លួនកុំឲ្យឃ្មុំទិច ស្រោមដៃក្រាស និងស្បែកជើង។ ក្រៅពីនេះគឺមានតែឧបករណ៍សម្រាប់កៀបយកទឹកឃ្មុំ ពីព្រោះការច្របាច់ដោយដៃពុំអាចយកទឹកឃ្មុំចេញអស់បានទេ ។
* ជាបឋម : (មុនចាប់ផ្តើមចិញ្ចឹម) មុនពេលចាប់ផ្តើមចិញ្ចឹមសូមធ្វើប្រអប់សំបុកឃ្មុំឲ្យបានតាមចំនួន ដែលយើងត្រូវការសិន ចំនួនសំបុកច្រើនប៉ុន្មាននោះគឺអាស្រ័យទៅលើធនធាន និងបំណងប្រាថ្នា ។ ប្រអប់នីមួយៗត្រូវមានលក្ខណៈត្រឹមត្រូវតាមគំនូរដែលបានភ្ជាប់មក ជាមួយ ។ ឈើក្តារដែលយើងយកមកប្រើអាចជាក្តារកុំផ្លាកេក៏បាន ជាបន្ទះក្តារធម្មតាក៏បានទៅតាមការចូលចិត្ត ។
* ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។
៧- សំបុកឃ្មុំ
យើងនឹងមាន ការលំបាកក្នុងការស្វែងរកសំបុកឃ្មុំ ដើម្បីយកពូជមកផ្សាំបង្កើតជា សំបុកសិប្បនិមិត្តរបស់យើង ។ ក្រៅពីដើររកដោយខ្លួនឯងយើងអាចសាកសួរអ្នកដែលមានជំនាញខាងរកឃ្មុំ ឲ្យគេរកមកឲ្យយើង ឬយើងអាចទៅជាមួយគេក៏បាន ។
៨- វិធីនៃការនាំយកឃ្មុំមកផ្សាំចិញ្ចឹម
- ត្រូវមានធុងស្អាតមួយ (ធុងស្ពេត្រូ)
- ទឹកស្ករចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយទឹក ១ លីត្រ
- ប្រដាប់សម្រាប់បាញ់ទឹកស្ករ (សូមប្រើធុងបាញ់ថ្នាំ) ប៉ុន្តែទឹកស្ករត្រូវមានចំនួនច្រើនបន្តិចបើប្រើធុងបាញ់ថ្នាំ ។
- សំណាញ់ក្រឡាញឹកសំរាប់គ្របមាត់ធុង
- កៅស៊ូរឹតសំរាប់រឹតសំណាញ់ភ្ជាប់មាត់ធុង
- សំលៀកបំពាក់ការពារខ្លួនកុំឲ្យឃ្មុំទិច
- ហាមប្រើផ្សែងភ្លើងជាដាច់ខាត
រកវិធីចង ធុងពីក្រោមសំបុកឲ្យជាប់ល្អ បន្ទាប់មកចាប់ផ្តើមបាញ់ទឹកស្ករលើសំបុកឃ្មុំស្រាលៗ រហូតសព្វជុំវិញសំបុក ។ សត្វឃ្មុំពេលត្រូវទឹកស្ករស្អិតវាពុំអាចហើរបានឡើយ សត្វឃ្មុំនឹងធ្លាក់ចូលមកក្នុងធុង ដែលដាក់ត្រងនៅខាងក្រោម ។ ព្យាយាមបាញ់សាចទឹកស្ករលើឃ្មុំរហូតឃ្មុំលែងអាចហើរកើត យើងអាចអារកាត់យកទាំងបង្គងឃ្មុំ ឬយកតែឃ្មុំក៏បាន ។
ឃ្មុំដែល យើងយកបានមកហើយ ត្រូវប្រញាប់រួសរាន់លាយទឹកស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែកដាក់ក្នុងចានរួចលាបតាមបន្ទះសំបុកសិប្បនិមិត្ត ក្រៅពីនេះដាក់ចានល្បាយទឹកឃ្មុំនៅត្រង់មាត់រន្ធ (កុំឲ្យបិទផ្លូវចេញចូលរបស់រន្ធឲ្យសោះ) ។
ចំពោះឃ្មុំ ដែលប្រមូលបានមកនោះត្រូវដាក់ចូលទៅក្នុងសំបុកសិប្បនិមិត្ត រួចបន្សល់ខ្លះទៀតឲ្យវាចូលតាមរន្ធពីខាងក្រោមប្រអប់សំបុក បើសិនជាសំណាងល្អ ឃ្មុំនឹងបង្កើតមេមួយថ្មី (ស្តេចញី) តែបើសំណាងគ្មាននោះឃ្មុំនឹងហើរចេញអស់ ឬមិនបង្កើតមេថ្មីឡើយ ។
ហេតុនេះយើងត្រូវតាមដានមើលរាល់ថ្ងៃពី សកម្មភាពរបស់វាសូមកុំបារម្ភពីទឹកស្ករដែលស្អិតជាប់លើខ្លួនវា មិនយូរប៉ុន្មាន គ្នាវានិងបឺតស្រូបយកទឹកស្ករនោះអស់គ្មានសល់ទេ ។ ក្នុងករណីដែលឃ្មុំបានបញ្ចេញមេថ្មី នោះមានន័យថាយើងធ្វើកិច្ចការនេះបានជោគជ័យហើយ ។
ខាងលើនេះគឺគ្រាន់តែជាការសង្ខេបចំពោះការចាប់ផ្តើមចិញ្ចឹមឃ្មុំគ្រាដំបូងប៉ុណ្ណោះ ។
No comments:
Post a Comment